ព្រះពុទ្ធសាសនារុស្ស៊ី៖ ប្រវត្តិនិងការរីកចម្រើននាពេលបច្ចុប្បន្ន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, May 05, 2020

ព្រះពុទ្ធសាសនារុស្ស៊ី៖ ប្រវត្តិនិងការរីកចម្រើននាពេលបច្ចុប្បន្ន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងដើរជាមួយព្រះសង្ឃឡាម៉ា ពេលគាត់ធ្វើទស្សនកិច្ចនៅវត្តអ៊ីវុល្គីនស្គី ដាត្សាន, សាធារណរដ្ឋប៊ូរ្យ៉ាតៀ, ប្រទេសរុស្ស៊ី, ១១ មេសា ២០១៣ ។ រូបភាព៖ gettyimages

លោកវិទូ | ថ្ងៃ ៣᧮៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ៥ ឧសភា ២០២០

ជាប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយទៅកាន់តំបន់ស៊ីបេរី នៅដើមសតវត្សរ៍ទី ១៧ ។ ព្រះពុទ្ធសាសនាត្រូវបានគេចាត់ទុកថាជាសាសនាបុរាណមួយរបស់ប្រទេសរុស្ស៊ី ហើយស្របតាមច្បាប់ជាផ្នែកមួយនៃសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររុស្ស៊ី ។ ក្រៅពីជាទំនៀមទម្លាប់បុរាណប្រវត្តិសាស្រ្ត របស់សាធារណរដ្ឋប៊ូរ្យ៉ាតៀ (Buryatia) សាធារណរដ្ឋកាល្មីកៀ (Kalmykia) និងសាធារណរដ្ឋទូវ៉ា (Tuva) បច្ចុប្បន្ន ព្រះពុទ្ធសាសនាកំពុងតែរីកចម្រើនទូទាំងប្រទេសរុស្ស៊ី ដោយមានជនជាតិរុស្ស៊ីជាច្រើនបានផ្លាស់ប្ដូរចូលកាន់ពុទ្ធសាសន៍ ។

ទម្រង់ឬនិកាយសំខាន់នៃព្រះពុទ្ធសាសនានៅតំបន់ស៊ីបេរី គឺនិកាយហ្គេលូគ-ប៉ានៃពុទ្ធសាសនាវជ្រយានទីបេត៍ ដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថា “និកាយមួកលឿង” ដោយមាននិកាយទីបេត៍និងមិនមែនទីបេត៍ផ្សេងទៀតជានិកាយភាគតិច ។ ទោះបីជាព្រះពុទ្ធសាសនាវជ្រយាន ជាញឹកញាប់បំផុត ជាប់ទាក់ទងជាមួយប្រទេសទីបេត៍ក៏ដោយ ក៏ព្រះពុទ្ធសាសនាទីបេត៍នេះបានផ្សព្វផ្សាយទៅកាន់ប្រទេសម៉ុងហ្គោល និងតាមរយៈប្រទេសម៉ុងហ្គោលចូលទៅដល់ប្រទេសរុស្ស៊ី ។

វត្តដាត្សានគុណហ្ស៊េឆយនី (Datsan Gunzechoinei) នៅទីក្រុងសាំងភីធឺស្បឺក គឺជាវត្តអារាមព្រះពុទ្ធសាសនាមួយ នៅខាងជើងបំផុតនៅប្រទេសរុស្ស៊ី ។

ប្រវត្តិពុទ្ធសាសនានៅប្រទេសរុស្ស៊ី

ភ័ស្តុតាងដំបូងនៃវត្តមាននៃព្រះពុទ្ធសាសនា នៅលើទឹកដីនៃប្រទេសរុស្ស៊ីសម័យទំនើប (ជាពិសេសស៊ីបេរីក្បែរដីនៃបណ្តាប្រទេសអាស៊ីបូព៌ា) គឺមានប្រភពនៅក្នុងសតវត្សរ៍ទី ៨ នៃគ.ស. និងមានជាប់ទាក់ទងជាមួយនឹងរដ្ឋបាឡា ដែលនៅក្នុងឆ្នាំ ៦៩៨-៩២៦ បានកាន់កាប់ផ្នែកខ្លះនៃដែនដីឆ្នេរព្រីមោរ្យី និងស្ទឹងអមូរសព្វថ្ងៃ ។ ជនជាតិម៉ូហេ ដែលមានវប្បធម៌ទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសជិតខាងចិនកូរ៉េនិងម៉ាន់ជូរី បានកាន់ព្រះពុទ្ធសាសនាតាមប្រពៃណីមហាយាន ។ ព្រះពុទ្ធសាសនាមហាយាន បានផ្សព្វផ្សាយជាចម្បងទៅតំបន់ដែលមានតំបន់ភូមិសាស្ត្រឬវប្បធម៌ នៅជាប់នឹងប្រទេសម៉ុងហ្គោល ដែលតំបន់នេះត្រូវបានគេស្គាល់ថាជា «ម៉ុងហ្គោលស្ទ្រីប» ឬវាលស្មៅដ៏ធំធេងរបស់ម៉ុងហ្គោល ដែលមានប្រជាជនរស់នៅជាក្រុមជនជាតិភាគតិចម៉ុងហ្គោល៖ ប៊ូរ្យ៉ាតៀ ហ្សាបេកែលស្គីក្រា ទូវ៉ា និងកាល្មីកៀ ។ ដោយឡែកកាល្មីកៀគឺជាតំបន់ព្រះពុទ្ធសាសនាតែមួយគត់នៅអឺរ៉ុប ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃតំបន់ភ្នំកកេស៊ើស ។
ខ្លោងទ្វារមុខនៃវត្តដាត្សានគុណហ្ស៊េឆយនី ដែលជាវត្តពុទ្ធសាសនាធំជាងគេបំផុត នៅទីក្រុងសេនភីធឺស្បឺក, រុស្ស៊ី ។ រូបភាព៖ វីគីភីឌា

នៅត្រឹមឆ្នាំ ១៨៨៧ មានគ្រឹះស្ថានបោះពុម្ភផ្សាយចំនួន ២៩ រួចទៅហើយ និងមានដាត្សាន (វត្តអារាមដែលជាសាកលវិទ្យាល័យ) ជាច្រើន ។ តំបន់ជនជាតិភាគតិចទាំងនេះ ក្នុងឆ្នាំ ១៩១៧ មានក្នុងចំណោមនោះ មានអ្នកកាន់ព្រះពុទ្ធសាសនាប្រមាណ ២០,០០០ នាក់ដែលមានវត្តអារាមចំនួន ១៧៥ ត្រូវបានកសាងឡើង ។

នៅពេលដែលសហភាពសូវៀតបានឡើងកាន់អំណាច របបនេះមិនបានស្វាគមន៍ពុទ្ធសាសនិកជនដែលមានអធិបតីភាពរួចហើយ នៅក្នុងប្រទេសនោះទេ ក៏ដូចជាសាសនាភាគច្រើនផ្សេងទៀតដែរ ។ សហភាពសូវៀតបានចេញច្បាប់ប្រឆាំងនឹងសាសនាទាំងអស់ រួមទាំងព្រះពុទ្ធសាសនាផង ដែលត្រូវបានគេចាត់ទុកថាជា “ឧបករណ៍នៃការគាបសង្កត់” ។ ហើយនៅឆ្នាំ ១៩១៧ លោកយ៉ូសែបស្តាលីនមិនបានអនុញ្ញាតឲ្យមានដាត្សាន បន្តទៀតនៅក្នុងប្រទេសឡើយ ។ ការធ្វើបែបនេះត្រូវបានធ្វើឡើង នៅពេលសហភាពសូវៀតរកមធ្យោបាយរំលាយព្រះពុទ្ធសាសនា និងសាសនាដទៃទៀតចេញ ពីព្រោះពួកគេបានរកឃើញថា នឹងមានការពាក់ព័ន្ធគ្នានៃចំណុចខ្សោយរវាងសាសនានិងនគរូបនីយកម្ម ដើម្បីបង្កើនសក្តានុភាពផលិតកម្ម ។ នៅឆ្នាំ ១៩២៩ វត្តអារាមជាច្រើនត្រូវបានបិទទ្វារ ហើយព្រះសង្ឃត្រូវបានចាប់ខ្លួននិងនិរទេសខ្លួន ។

នៅទសវត្សរ៍ឆ្នាំ ១៩៣០ ពុទ្ធសាសនិកជនបានរងទុក្ខវេទនាខ្លាំងជាងសហគមន៍សាសនាដទៃទៀត នៅសហភាពសូវៀត ដោយព្រះសង្ឃឡាម៉ាត្រូវបានគេបណ្តេញចេញ និងត្រូវបានចោទប្រកាន់ថាជា “ចារកម្មរបស់ជប៉ុន” និងជា “សត្រូវរបស់ប្រជាជន” ។ នៅត្រឹមឆ្នាំ ១៩៤៣ ប្រជាជនកាល្មីកៀទាំងអស់ ត្រូវបាននិរទេសទៅតំបន់ស៊ីបេរីដោយបង្ខំ ដោយសារតែសហភាពសូវៀតមានការសង្ស័យថា ពួកគេកំពុងសហការជាមួយណាស៊ីអាឡឺម៉ង់ នៅពេលដែលពួកគេបានកាន់កាប់កាល្មីកៀ ។ ការណ៍នេះបានបណ្តាលឲ្យប្រហែល ៤០% នៃចំនួនប្រជាជនដែលជាពុទ្ធសាសនិកជន បានស្លាប់ក្នុងពេលកំពុងនិរទេសខ្លួន ហើយអ្នកដែលបានរស់រានមានជីវិត មិនអាចវិលត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញបានទេរហូតដល់ឆ្នាំ ១៩៥៦ ។

ទោះយ៉ាងណាព្រះពុទ្ធសាសនាមិនទាន់បាត់នៅឡើយទេ ដោយសារតែគុណបំណាច់របស់ព្រះគ្រូធម្មរាជ ប៊ីឌីយ៉ា ដន្តារុន (Bidia Dandaron) ដែលជាអ្នកដើតាមទ្រឹស្ដីស្ដេចត្ស៊ីដេនូវ (Tsydenov) ក៏ដូចជាអ្នកប្រាជ្ញពុទ្ធសាសនា និងអ្នកប្រើគំនិតដ៏ល្បីល្បាញម្នាក់ ។ ព្រះគ្រូដន្តារុនបានព្យាយាមធ្វើឲ្យព្រះពុទ្ធសាសនារស់ឡើងវិញ នៅក្នុងរដ្ឋដែលមិនជឿសាសនា ដោយការបង្កើតនូវទស្សនាទាននវពុទ្ធសាសនា រួមបញ្ចូលគ្នារវាងការបង្រៀនព្រះពុទ្ធសាសនា និងទស្សនវិជ្ជាលោកខាងលិចបច្ចុប្បន្នជាមួយទ្រឹស្តីវិទ្យាសាស្ត្រ ។ ក្រោយមកព្រះគ្រូដន្ដារុន ត្រូវបានចាប់ខ្លួនពីបទបង្កើតសហគមន៍សាសនា ហើយទីបំផុតគាត់ក៏បានស្លាប់នៅក្នុងជំរុំពន្ធនាគារ ទោះជាយ៉ាងណាក៏ដោយពួកសិស្សរបស់គាត់បានដើរតួយ៉ាងសំខាន់ នៅឆ្នាំ ១៩៩០ ក្នុងស្ដារឡើងវិញនូវព្រះពុទ្ធសាសនារុស្ស៊ី ។

ការស្ដារឡើងវិញ

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ការរស់ឡើងវិញនៃព្រះពុទ្ធសាសនាបានចាប់ផ្តើមនៅកាល្មីកៀ ជាមួយនឹងការជាប់បោះឆ្នោតរបស់ប្រធានាធិបតី គីរសាន អ៊ីល្យុមហ្ស៊ីនូវ ។ ព្រះពុទ្ធសាសនាក៏ត្រូវបានរស់ឡើងវិញនៅប៊ូរ្យ៉ាតៀ និងទូវ៉ា ហើយបានចាប់ផ្តើមផ្សព្វផ្សាយទៅដល់ប្រជាជនរុស្ស៊ីនៅក្នុងតំបន់ផ្សេងទៀត ។

នៅឆ្នាំ ១៩៩២ ដាឡៃឡាម៉ាបានធ្វើទស្សនកិច្ចលើកដំបូងនៅទូវ៉ានៅប្រទេសរុស្ស៊ី ។

មានវត្តអារាមដែលមានលក្ខណៈជាសាកលវិទ្យាល័យពុទ្ធសាសនាទីបេត៍ជាច្រើននៅទូទាំងប្រទេសរុស្ស៊ី ដែលប្រមូលផ្តុំនៅតំបន់ស៊ីបេរី ដែលគេស្គាល់ថាដាត្សាន

ហ្វយោដ័រ សកើបាស្ដកូយ ជាអ្នកជំនាយខាងវប្បធម៌ឥណ្ឌាដ៏ល្បីឈ្មោះ ដែលបានធ្វើដំណើរទៅប្រទេសឥណ្ឌានិងម៉ុងហ្គោល ក្នុងកំឡុងពេលនៃចក្រភពរុស្ស៊ី ត្រូវបានមនុស្សជាច្រើនចាត់ទុកយ៉ាងទូលំទូលាយថាជាអ្នកបានរ៉ាប់រង ក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាព្រះពុទ្ធសាសនា នៅពិភពលោកខាងលិច ។

បច្ចុប្បន្ននេះ មានអ្នកកាន់ព្រះពុទ្ធសាសនាពី ៧០០.០០០ នាក់ទៅ ១,៥ លាននាក់ នៅក្នុងប្រទេសរុស្ស៊ីដែលភាគច្រើនស្ថិតនៅក្នុងសាធារណរដ្ឋ ប៊ូរ្យ៉ាតៀ កាល្មីកៀ និងទូវ៉ា ។
ផែនទីបង្ហាញពីល្បាយប្រជាជនកាន់ពុទ្ធសាសនា គ្របដណ្ដប់ប្រទេសរុស្ស៊ីស្ទើរគ្រប់ផ្នែក ។ រូបភាព៖ វីគីភីឌា

តំបន់ទាំងឡាយដែលមានពុទ្ធសាសនិកច្រើន

ក្នុងឆ្នាំ ២០១២ ព្រះពុទ្ធសាសនាមានបរិស័ទ ៦២% នៃចំនួនប្រជាជនទូវ៉ា ៣៨% នៃកាល្មីកៀ និង ២០% នៃប៊ូរ្យ៉ាតៀ ។ ព្រះពុទ្ធសាសនាក៏មានបរិស័ទនៅតំបន់ផ្សេងទៀតផងដែរ ដែលមានចំនួន ៦% នៅក្នុងហ្សាបេកែលស្គីក្រា ដែលភាគច្រើនជាជាតិសាសន៍ប៊ូរ្យ៉ាតៀ និងពី ០.៥% ទៅ ០,៩% នៅថម្សក៍ អូប្លា និងយូគូទិយ៉ា ។ សហគមន៍ព្រះពុទ្ធសាសនាអាចត្រូវបានគេរកឃើញ នៅក្នុងរដ្ឋសហព័ន្ធប្រមាណ ១៧ ផ្សេងទៀតនៃប្រទេសរុស្ស៊ី ចន្លោះពី ០.១% ទៅ ០.៥% ។ នៅតាមទីក្រុងនានាដូចជាទីក្រុងមូស្គូ សេនភីធឺស្បឺក និងសាម៉ារ៉ា ច្រើនតែមានរហូតដល់ ១% នៃចំនួនប្រជាជន ដែលសម្គាល់ខ្លួនឯងថាជាអ្នកកាន់ព្រះពុទ្ធសាសនា ។
ព្រះវិហារមាសព្រះពុទ្ធសក្យមុនី កសាងក្នុងឆ្នាំ ២០០៥ ជាព្រះវិហារពុទ្ធសាសនាធំជាងគេបំផុតនៅកាល្មីកៀ និងនៅអឺរ៉ុប ។ រូបភាព៖ depositphotos

ស្ថានភាពបច្ចុប្បន្ន

តាមរយៈការរៀបរាប់ខាងលើនេះយើងឃើញថា ប្រទេសរុស្ស៊ីមានសាធារណរដ្ឋបីដែលកាន់ពុទ្ធសាសនាគឺ សាធារណរដ្ឋប៊ូរ្យ៉ាតៀ សាធារណរដ្ឋកាល្មីកៀ និងសាធារណរដ្ឋទូវ៉ា ដែលគេហៅថាជាតំបន់ត្រីកោណមាសព្រះពុទ្ធសាសនារបស់រុស្ស៊ី ។ ព្រះពុទ្ធសាសនាត្រូវបានគេទទួលស្គាល់ថាជាសាសនាមួយ ក្នុងចំណោមសាសនាជាមូលដ្ឋាទាំងបួនរបស់ប្រទេសរុស្ស៊ីគឺ សាសនាគ្រិស្ដ សាសនាយូដា (ជ្វីប) សាសនាឥស្លាម និងព្រះពុទ្ធសាសនា ។

ព្រោះហេតុនេះ ព្រះពុទ្ធសាសនាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់នៅប្រទេសរុស្ស៊ី ។ នៅសាធារណរដ្ឋប៊ូរ្យ៉ាតៀ គេឃើញមានវត្តអារាមជាច្រើនបានរីកដុះដាល មានចំនួនរហូតដល់ទៅ ៤០ វត្តឯណោះ ដែលមានប្រជាជនភាគច្រើនជាអ្នកនិយាយភាសាម៉ុងហ្គោល ហើយជាអ្នកមានប្រាថ្នាក្នុងការស្វែងរកប្រពៃណីជូនតារបស់ខ្លួន ។ ក្នុងនោះវត្តដែលធំហើយល្បីល្បាញជាងគេ ដែលនៅរស់រានឆ្លងកាត់របបសហភាពសូវៀតគឺ វត្តអ៊ីវុល្គីនស្គី ដាត្សាន ដ៏ស្កឹមស្កៃមើលទៅដូចជា «បុរីវ៉ាទីកង់របស់ពុទ្ធសាសនានៅប្រទេសរុស្ស៊ី» អ៊ីចឹង ។ អ៊ីវុល្គីនស្គី ដាត្សាន មិនត្រឹមតែជាវត្តជាទីសក្ការបូជាប៉ុណ្ណោះទេ ថែមទាំងជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាទៀតផង ។

សាធារណរដ្ឋកាល្មីកៀជាប្រទេសតែមួយគត់នៅអឺរ៉ុប ដែលមានព្រះពុទ្ធសាសនាជាសាសនាជាតិរបស់ខ្លួន ។ ប្រជាជនកាល្មីកៀក៏ជាជនជាតិមានដើមកំណើតម៉ុងហ្គោលដែរ ។ នៅទីនេះមាន «ព្រះវិហារមាសព្រះពុទ្ធសក្យមុនី» ដែលជាព្រះវិហារពុទ្ធសាសនាធំជាងគេបំផុតនៅកាល្មីកៀ និងនៅអឺរ៉ុប ដែលបានកសាងឡើងក្នុងឆ្នាំ ២០០៥ តាមរចនាបទទីបេត៍ ។ នៅក្នុងព្រះវិហារនេះមានព្រះជីវ៍ធំមួយមានកម្ពស់ ១១ ម៉ែត្រ ផ្ទាំងចីវររបស់សម្ដេចសង្ឃដាឡៃឡាម៉ាទី ១៤ និងសារមន្ទីរតូចមួយនៅជាន់ក្រោម ដែលបង្ហាញអំពីប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៅកាល្មីកៀ ។

នៅឯសាធារណរដ្ឋទូវ៉ាមានប្រជាជនជាជនជាតិដើមកំណើតតួរគី ជាជនជាតិមួយក្នុងចំណោមជនជាតិតួរគីទាំងពីរ ដែលកាន់ព្រះពុទ្ធសាសនាទីបេត៍ (មួយទៀតគឺ​ជនជាតិភាគតិចអ៊ុយហ្គួ ដែលច្រើនតែរស់នៅតំបន់ស្វ័យគ្រប់គ្រង​អ៊ុយហ្គួស៊ូណាន នៅ​ក្នុងខេត្តហ្គងស៊ូ ប្រទេសចិន) ។

ពុទ្ធបរិស័ទនៅរុស្ស៊ី ដោយសារជាអ្នកកាន់ព្រះពុទ្ធសាសនាវជ្រយានទីបេត៍ គឺតន្ត្រយាន តែងតែមានការគោរពបូជាចំពោះមេដឹកនាំសាសនាច្បង នៅប្រទេសទីបេត៍ និងប្រទេសម៉ុងហ្គោល ។ ពុទ្ធសាសនារុស្ស៊ីចាត់ទុកសម្តេចសង្ឃដាឡៃឡាម៉ា ជាអ្នកដឹកនាំខាងសាសនាដ៏សំខាន់បំផុតរបស់ពួកគេ ។ សម្ដេចសង្ឃដាឡៃឡាម៉ាបានធ្វើទស្សនកិច្ចលើកដំបូងនៅសហភាពសូវៀតនៅឆ្នាំ ១៩៧៩ និងបានធ្វើទស្សនកិច្ចនៅប៊ូរ្យ៉ាតៀ នៅឆ្នាំ ១៩៩១ និង ១៩៩២; កាល្មីកៀ ក្នុងឆ្នាំ ១៩៩១, ១៩៩២, និង ២០០៤; ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់តំបន់នេះក្នុងឆ្នាំ ២០០៤ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធពាក្យសុំទិដ្ឋាការជាបន្តបន្ទាប់របស់ព្រះអង្គ ។

ការខិតចូលជិតគ្នាថ្មីៗនេះរវាងប្រទេសចិននិងប្រទេសរុស្ស៊ី ជាមូលហេតុនៃការរាំងស្ទាំងដល់ការផ្ដល់ទិដ្ឋាការដល់សម្ដេចសង្ឃដាឡៃឡាម៉ា ។ ចិនបានចាត់ទុកសម្ដេចសង្ឃដាឡៃឡាម៉ា ដែលគង់និរទេសខ្លួននៅប្រទេសឥណ្ឌាតាំងពីឆ្នាំ១៩៥០មក ថាជាអ្នកគម្រាមកំហែងដល់អធិបតេយ្យភាពខ្លួន ។

លោក ឌីមប្រីល ដាស៊ីបលដានូវ (Dymbryl Dashibaldanov) សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ អ៊ីវុល្គីនស្គី ដាត្សាន ត្រូវបានស្រង់សម្ដីចុះផ្សាយក្នុងសារព័ត៌មានមួយថា «សម្តេចសង្ឃដាឡៃឡាម៉ាគឺជាអ្នកដឹកនាំខាងសាសនារបស់យើង ហើយអ្វីដែលកំពុងកើតឡើងនៅទីបេត៍សព្វថ្ងៃ គឺដូចជាអ្វីដែលធ្លាប់បានកើតឡើងចំពោះយើងនៅក្រោមរបបសហភាពសូវៀតអ៊ីចឹងដែរ ។

លោកបន្ថែមថា ប៉ុន្តែពុទ្ធសាសនិកជនរីករាយនឹងការមិនជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយឡើយ ។ «យើងរស់នៅក្នុងសម័យកាលមួយ ដែលយើងស្គាល់ខ្លួនឯង ហើយយើងត្រូវតែទទួលយកការពិតទៅតាមសភាពរបស់វា ។ រឿងសំខាន់គឺយើងបន្តប្រតិបត្តិតាមជំនឿរបស់យើង» ៕

អត្ថបទយោង

  • Douglas Penick (2018), "Lubsan Samdan Tsydenov: A Vanished Buddhist King," Tricycle, Summer 2018.
  • Fred Weir (2018) "Buddhism flourishes in Siberia, opening window on its pre-Soviet past," The Christian Science Monitor, August 10.
  • John Varoli (2002), "Buddhism in Russia," Tricycle, Fall 2002.
  • Lyudmila Klasanova (2016), "Russia’s Golden Triangle of Buddhism," Buddhistdoor Global, December 2.
  • Mackensie Knorr (2013), "Competing Interpretations of Buddhism’s Revival in the Republic of Kalmykia," Kennan Institute.
  • Rustam Sabirov (2019), "Buddhism in Russia: History and Modernity," Buddhistdoor Global, November 4.


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment