វត្តអារាមព្រះពុទ្ធសាសនានៅសហរដ្ឋអាម៉េរិកប្រែក្លាយជារោងចក្រផលិតរបាំងមុខសម្រាប់បុគ្គលិកពេទ្យ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 18, 2020

វត្តអារាមព្រះពុទ្ធសាសនានៅសហរដ្ឋអាម៉េរិកប្រែក្លាយជារោងចក្រផលិតរបាំងមុខសម្រាប់បុគ្គលិកពេទ្យ

ព្រះតេជព្រះគុណ ក្វាងទ្រី ធីក មានសង្ឃដីកាថា «អាត្មាភាពបានឃើញវីដេអូរបស់គិលានុបដ្ឋាយិកាយំដោយសារតែមិនមានឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ហើយវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអ្វីមួយដើម្បីជួយ ។ ព្រះពុទ្ធទ្រង់បានបង្រៀនយើងឲ្យជួយមនុស្ស និងបង្ហាញផ្លូវដល់ពួកគេដើម្បីរំលត់សេចក្ដីទុក្ខ ។ សូមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើទៅបាន ។»
ព្រះតេជព្រះគុណ ក្វាងទ្រី ធីក នៃវត្តផាត់ធូ កំពុងផលិតរបាំងមុខសម្រាប់បុគ្គលិកពេទ្យ ។ រូបភាព៖ pe.com

លោកវិទូ | ថ្ងៃ ២᧼៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៨ ឧសភា ២០២០

អ្នកស្ម័គ្រចិត្តរបស់វត្តអារាមនិងព្រះវិហារពុទ្ធសាសនា នៅទីក្រុងញូវយ៉កនិងរដ្ឋកាលីហ្វ័រញ៉ា បានចាត់ចែងផលិតរបាំងមុខដោយឯករាជ្យ សម្រាប់បុគ្គលិកពេទ្យនៅក្នុងសហគមន៍របស់ពួកគាត់ ។ នៅទីក្រុងញូវយ៉កលោក ឌិញ ត្រាន់ ទួន និងជនជាតិវៀតណាមអាមេរិក័ងចំនួន ៥៥ នាក់មកពីវត្តពុទ្ធសាសនា ថាញ់ ទិញ នៅទីក្រុងរ៉ូឆេស្ទ័រ បានផលិតខែលបាំងមុខចំនួន ៥.៥០០ សម្រាប់មន្ទីរពេទ្យ Rochester General and Strong Memorial ។ ឆ្លងទៅដល់ទីជនបទទីក្រុងរីវើសាយ រដ្ឋកាលីហ្វ័រញ៉ា ព្រះតេជព្រះគុណ ក្វាងទ្រី ធីក នៃវត្តផាត់ធូ កំពុងធ្វើការជាមួយព្រះសង្ឃនិងដូនជី ដើម្បីផលិតរបាំងមុខចំនួន ៦០០ ក្នុងមួយថ្ងៃ សម្រាប់បុគ្គលិកសុខាភិបាលជួរមុខនៅក្នុងតំបន់របស់លោក/គាត់ ។

ការងាររបស់វត្តអារាមទាំងពីរឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់អង្គការពុទ្ធសាសនាទាំងតូចទាំងធំនៅជុំវិញពិភពលោក ។ ដោយសារការរឹតត្បិតរារាំងដល់ការចួបជុំជាប្រក្រតីរបស់ព្រះសង្ឃនិងដូនជីជាមួយបរិស័ទចំណុះជើងវត្តនិងសាធារណជន មនុស្សជាច្រើនបានរិះរកវិធីដើម្បីប្រតិបត្តិនូវមេត្តាធម៌និងសប្បុរសធម៌ក្នុងសកម្មភាពជាក់ស្ដែង ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

នៅទីក្រុងញូវយ៉ក លោកឌិញ អាយុ ៤៨ ឆ្នាំបាននិយាយទៅកាន់វិទ្យុវីអូអេជាភាសាវៀតណាមថា «នៅពេលយើងប្រគល់របាំងមុខដល់មន្ទីរពេទ្យ ពួកគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយគេផ្ញើលិខិតថ្លែងអំណរគុណជាច្រើនដល់ពួកគាត់ ។ នេះពិតជាបានជម្រុញទឹកចិត្តរបស់យើង ពីព្រោះយើងដឹងថាយើងកំពុងផ្តល់ជំនួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ជាពិសេសនៅក្នុងតំបន់ញូវយ៉ក» ។

ពុទ្ធបរិស័ទវត្តនេះបានជួយផ្តល់ថវិកាដល់កិច្ចការមនុស្សធម៌នេះ ដោយបរិច្ចាគប្រាក់ជាង ១២.០០០ ដុល្លារ ដែលធ្វើឲ្យលោកឌីញនិងអ្នកស្ម័គ្រចិត្ត អាចទិញសម្ភារៈផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីបង្កើតរបាំងមុខចំនួន ៨០០០ ។ នេះបានធ្វើឲ្យពួកគេអាចបញ្ជូនរបាំងមុខជាច្រើន ទៅតំបន់ដែលរងផលប៉ះពាល់ក្រៅពីទីក្រុងរ៉ូឆេស្ទ័រ រួមទាំងទីក្រុងញូវយ៉កនិងតំបន់ជាយក្រុង ។

លោកឌិញបានរចនារបាំងមុខដោយខ្លួនឯង ដែលចេញពីបទពិសោធន៍ជាង ២០ ឆ្នាំក្នុងនាមជាវិស្វការខាងថ្នាំពេទ្យម្នាក់នៅក្រុមហ៊ុន ស៊ើរ៉ុកខប (Xerox Corp) ។ ដោយការប្រើប្លាស្ទិចថ្លានិងស្នោជាមួយនឹងខ្សែកៅស៊ូយឺត ជួយឲ្យរបាំងរឹងមាំនិងស្រាលដើម្បីបង្កើនភាពងាយស្រួល ។ លោកឌិញនិងក្រុមអ្នកស្ម័គ្រចិត្តរបស់គាត់ក៏បានធ្វើរបាំងមុខដែលមានទំហំផ្សេងៗគ្នា ដើម្បីធានាថាបុគ្គលិកថែទាំសុខភាពពាក់ទៅត្រូវល្អ ។

របាំងមុខជិត ២.០០០ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរ៉ូឆេស្ទឺរ ដែលមានលោកវេជ្ជបណ្ឌិត ជឺរល ហ្គាជូច ប្រធានផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យជាអ្នកទទួលផ្ទាល់ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ លោកវេជ្ជបណ្ឌិត ហ្គាជូច បានមានប្រសាសន៍ថា «អ្នកគ្រប់គ្នាដែលបានឃើញរបាំងមុខទាំងនេះ ពួកគេពេញចិត្តនឹងវា ។  យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលយកនូវចំនួននៃរបាំងមុខច្រើនប៉ុនណា តាមដែលសហគមន៍ដ៏សប្បុរសរបស់អ្នកអាចផ្ដល់ជូន ។ យើងពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះរបស់ទាំងនេះ ។» (ព័ត៌មាន VOA)

លោកវេជ្ជបណ្ឌិត ហ្គាជូច បានបន្តទៀតថា «គាត់បានធ្វើគំរូមួយហើយឲ្យបុគ្គលិកនិងខ្ញុំពាក់វាលមើល ។ វិធីនេះមានផាសុខភាពនិងងាយដកដង្ហើមជាងរបាំងមុខស្តង់ដាររបស់យើង ។ នេះវាជាការចាំបាច់ណាស់នៅពេលដែលគ្រូពេទ្យនិងបុគ្គលិកត្រូវពាក់វាម្ដងៗជាច្រើនម៉ោង ។ ការស្តាប់ទៀតសោតក៏ល្អដែរ ហើយយើងអាចប្រើតេឡេស្កូបជាមួយរបាំងមុខបាន!” (ព័ត៌មាន VOA)

សមត្ថភាពក្នុងការជួយមន្ទីរពេទ្យដែលនៅក្បែរ ក៏ដូចជាមន្ទីពេទ្យដែលនៅឆ្ងាយ ហើយនៅក្នុងតម្រូវការកាន់តែច្រើន បានជួយជម្រុញទឹកចិត្តអ្នកស្ម័គ្រចិត្តបន្ថែមទៀត ។ សមាជិកវត្តអារាមផ្សែងទៀតក៏បានផ្តល់ជំនួយច្រើន ជាងលោកឌិញអាចចាត់ចែងការងារដែលត្រូវធ្វើ ។

អ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះផាន់ធីមីបានឆ្លើយតបភ្លាមៗចំពោះសំណើដំបូងរបស់លោកឌិញសុំជំនួយ ។ គាត់បាននិយាយថា «ខ្ញុំបានអានតាមអ៊ិនធរណេតថា គ្រូពេទ្យនិងគិលានុប្បដ្ឋាយិការត្រូវការជំនួយវេជ្ជសាស្រ្តយ៉ាងខ្លាំង ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលខ្ញុំអាចជួយបាន» ។ (ព័ត៌មាន VOA)
សកម្មភាពរបស់ដូនជីនិងព្រះសង្ឃកំពុងផលិតរបាំងមុខសម្រាប់បុគ្គលិកពេទ្យ នៅវត្តផាត់ធូ ។ រូបភាព៖ pe.com

នៅឯទីក្រុងទីក្រុងរីវើសាយវិញ ព្រះសង្ឃនិងដូនជីបានប្រែក្លាយមណ្ឌលកុមារនៅវត្តផាត់ធូ ឲ្យទៅជារោងចក្របណ្តោះអាសន្នសម្រាប់ផលិតរបាំងមុខ ។ ដោយប្រើសម្ភារងាយៗដូចជាស្នោនិងប្លាស្ទិចថ្លា បិទភ្ជាប់ជាមួយកាវបិទនិងស្កុតស្អិត ក្រុមការងារកំពុងផលិតរបាំងមុខបានចំនួន ៦០០ ក្នុងមួយថ្ងៃៗសម្រាប់បុគ្គលិកពេទ្យជួរមុខ ។

ព្រះតេជព្រះគុណ ក្វាងទ្រី ធីក មានសង្ឃដីកាថា «អាត្មាភាពបានឃើញវីដេអូរបស់គិលានុបដ្ឋាយិកាយំដោយសារតែមិនមានឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ហើយវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអ្វីមួយដើម្បីជួយ ។ ព្រះពុទ្ធទ្រង់បានបង្រៀនយើងឲ្យជួយមនុស្ស និងបង្ហាញផ្លូវដល់ពួកគេដើម្បីរំលត់សេចក្ដីទុក្ខ ។ សូមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើទៅបាន ។» (pe.com)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment