ភន្តេ ពុទ្ធរក្ខិត៖ ក្លាយពីគ្រិស្តបរិស័ទទៅជាព្រះសង្ឃទី១នាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសអ៊ូហ្គង់ដា, ទ្វីបអាហ្វ្រីក - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 03, 2020

ភន្តេ ពុទ្ធរក្ខិត៖ ក្លាយពីគ្រិស្តបរិស័ទទៅជាព្រះសង្ឃទី១នាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសអ៊ូហ្គង់ដា, ទ្វីបអាហ្វ្រីក

ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត និងកូនសិស្ស ធ្វើបទនមស្ការនៅទីកណ្ដាលវាល កាលមិនទាន់មានព្រះវិហារនៅឡើង, ក្រុងឥន្តេប្បេ ប្រទេសអ៊ូហ្គង់ដា, ២០០៦ ។ រូបភាព៖ UBC

លោកវិទូ | ថ្ងៃ ២᧮៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៣ សីហា ២០២០

កើតមកក្នុងគ្រួសារអ្នកកាន់សាសនាគ្រិស្ត បានស្គាល់ព្រះពុទ្ធសាសនាដំបូងកាលនៅប្រទេសឥណ្ឌា និងបានឧបសម្បទាជាភិក្ខុថេរវាទនៅសហរដ្ឋអាម៉េរិក ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត គឺជាព្រះសង្ឃជាតិអ៊ូហ្គង់ដាដំបូងគេ ហើយបានបង្កើតវត្តដំបូងហើយតែមួយគត់នៅប្រទេសអ៊ូហ្គង់ដា ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅក្នុងទ្វីបអាហ្វ្រីកទាំងមូល ដែលជាផ្លូវដ៏វែងឆ្ងាយហើយលំបាកតែអាចទៅរួច ។

ជាង ២៥០០ មកនេះ ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយទៅកាន់សព្វទីទាំងពួងនៅក្នុងសកលលោក ។ ព័ត៌មានអំពីព្រះពុទ្ធសាសនារីកចម្រើននៅប្រទេសលោកខាងលិចបន្តិចម្ដងៗ មានផ្សព្វផ្សាយជាច្រើនមកហើយ តាមរយៈការបញ្ចេញមតិឬទស្សនៈ អំពីបទពិសោធន៍របស់អ្នកដែលបានចូលកាន់ព្រះពុទ្ធសាសនាថ្មី ដែលបង្ហាញពីអ្វីដែលព្រះពុទ្ធសាសនាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។ ប៉ុន្តែយើងពុំសូវបានឮអំពីព្រះពុទ្ធសាសនានៅទ្វីបអាហ្វ្រីកទេ បើឮហើយក៏នឹងភ្អាក់ផ្អើលមិនខាន ។ នេះប្រហែលជាដោយសារតែសារព័ត៌មានភាគច្រើន ផ្ដោតជាងទៅលើគ្រោះអត់អាហារ អំពើហិង្សា វិបត្តិនយោយ និងការទម្លាក់រដ្ឋាភិបាលជាដើម នៅក្នុងទ្វីបអាហ្វ្រីកដែលមានចំនួន ៥៤ ប្រទេសនេះ ។

អ៊ូហ្គង់ដាជាប្រទេសក្រីក្រមួយនៅក្នុងទ្វីបអាហ្វ្រីក ដែលមានភ័ព្វសំណាងមានកុលបុត្រមួយរូបបានចូលបួសក្នុងសម្នាក់ព្រះពុទ្ធសាសនា ហើយបាននិងកំពុងផ្សព្វផ្សាយព្រះធម៌យ៉ាងសកម្ម នៅក្នុងប្រទេសកំណើតដែលមិនដែលស្គាល់ព្រះពុទ្ធសាសនាទាល់តែសោះពីមុនមក ។ នោះគឺព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត ដែលពីដើមតាមដូនតាមកជាអ្នកកាន់គ្រិស្តសាសនា ហើយបានក្លាយជាព្រះសង្ឃជនជាតិអ៊ូហ្គង់ដាទី១ ដែលនាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសនេះ នៅក្នុងសតវត្សរទី២១ ។ តើមូលហេតុអ្វីបានជាព្រះអង្គចូលកាន់ព្រះពុទ្ធសាសនា ចោលសាសនាដើមរបស់ព្រះអង្គ? តើការផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់ព្រះអង្គនៅប្រទេសអ៊ូហ្គង់ដា ចួបការលំបាកអ្វីខ្លះ? តើព្រះពុទ្ធសាសនាអ៊ូហ្គង់ដាអាចរីកចម្រើនដល់កម្រិតណាដែរទៅថ្ងៃអនាគត?

ដំណើរចូលកាន់ពុទ្ធសាសន៍

យោងតាមបទសម្ភាសន៍របស់ព្រះអង្គជាមួយសារព័ត៌មានអនឡាញពុទ្ធិសឌ័រ (Buddhistdoor) កាលពីឆ្នាំ២០១៥ បានឲ្យដឹងថា ព្រះតេជព្រះគុណ ភន្តេ អ៊ូហ្គង់ដាវ ពុទ្ធរក្ខិត មានឈ្មោះដើមថា ស្តេវិន កាប៊ូហ្គូស្សា (Steven Kabogozza) កើតនៅប្រទេសអ៊ូហ្គង់ដា ក្នុងឆ្នាំ១៩៦៦ នៅក្នុងគ្រួសារអ្នកកាន់សាសនាគ្រិស្តមួយ ដូចជាគ្រួសារភាគច្រើនដទៃទៀតដែរនៅក្នុងប្រទេសនេះ ។

ព្រះអង្គបានស្គាល់ព្រះពុទ្ធសាសនាដំបូងគឺនៅប្រទេសឥណ្ឌា ។ កាលពីនៅជាគ្រហស្ថនៅឡើយ ព្រះអង្គបានមករៀនថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបញ្ចាប ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៩០ ។ នៅទីនោះហើយដែលព្រះអង្គបានឮអំពីព្រះពុទ្ធសាសនាលើកដំបូង ដោយបានចួបជាមួយព្រះសង្ឃថៃមួយចំនួន ។ ឥរិយាបថប្រកបដោយវិន័យត្រឹមត្រូវរបស់ព្រះសង្ឃថៃបានញ៉ាំងឲ្យព្រះអង្គផ្លាស់ប្តូរទស្សនៈរបស់ព្រះអង្គចំពោះព្រះពុទ្ធជាម្ចាស់ ។

«ខ្ញុំចាប់ផ្ដើមសួរខ្លួនឯងនូវសំណួរអំពីការកើត និងទិសដៅនៃជីវិតរបស់ខ្ញុំ ។ ជាបរិស័ទកាតូលិកម្នាក់ ខ្ញុំពុំធ្លាប់ទទួលបានចម្លើយចំពោះសំណួរបែបនេះទេ ផ្ទុយទៅវិញគេបង្រៀនខ្ញុំថា ជំនឿទាំងឡាយណាដែលមិនមែនជាជំនឿលើព្រះយេស៊ូត្រូវបានគេចាត់ទុកថាជាជំនឿអាក្រក់ទាំងអស់» ព្រះអង្គមានសង្ឃដីកាប្រាប់សារព័ត៌មានពុទ្ធិសឌ័រ ។

តាមរយៈព្រះពុទ្ធសាសនា ព្រះអង្គបានយល់ដឹងថា មនុស្សសត្វទាំងអស់សុទ្ធតែមានទំនាក់ទំនងនឹងគ្នា ហើយមនុស្សម្នាក់ៗគឺជាអ្នកទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ។ គួរឲ្យចាប់អារម្មណ៍ កាលនៅប្រទេសឥណ្ឌានេះ ព្រះអង្គបានទទួលចម្លើយព្រះពុទ្ធសាសនា ចំពោះសំណួរ ៥ យ៉ាងរបស់គឺ៖

១. តើយើងទៅណាបន្ទាប់ពីនេះទៅ? ព្រះនិព្វាន
២. តើអ្វីជាគោលបំណងរបស់ជីវិត? ដើម្បីសម្រេចបាននូវបរមសុខ
៣. តាមរយៈសាសនាមួយណា ដែលអាចឲ្យខ្ញុំរស់នៅជាមួយសាសនាដទៃដោយសន្តិភាពបាន? ព្រះពុទ្ធសាសនា
៤. តើនរណាជាអ្នកទទួលខុសត្រូវចំពោះអំពើរបស់ខ្ញុំ? គឺខ្ញុំ
៥. តើអ្វីទៅដែលជាមាគ៌ាទៅខាងមុខសម្រាប់សាសនវិថីរបស់ខ្ញុំ? អរិយសច្ច ៤ ។

ព្រះអង្គបានប្រាប់ឲ្យដឹងទៀតថា ក្នុងឆ្នាំ១៩៩៤ ព្រះអង្គបានទៅសិក្សាវិបស្សនាចំនួន ១២ ថ្ងៃ នៅមជ្ឈមណ្ឌលវិបស្សនាតុសិត នៅទីក្រុងធម្មសាលា រដ្ឋហិមាច័លប្រទេស ។ នៅទីនោះព្រះអង្គបានចួបគ្រូពុទ្ធសាសនាដំបូងគេ ដែលមកពីសហរដ្ឋម៉េរិកគឺ លោកបណ្ឌិត អាឡិចសាន់ដ័រ ប៊ើហ្ស៊ីន (Dr. Alexander Berzin) ដែលបានបើកចក្ខុព្រះអង្គឲ្យមើលឃើញព្រះពុទ្ធសាសនាកាន់ទៅតែជ្រៅឡើង ។

តាមរយៈវគ្គសិក្សានោះដែរ ព្រះអង្គបានរៀននូវមេរៀនដ៏សំខាន់អំពីទំនាក់ទំនងគ្នារបស់សត្វលោកក្នុងសង្សារវដ្ត ។

ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត មានសង្ឃដីការំឭកថា «តាមរយៈវគ្គសិក្សានោះ ខ្ញុំបានរៀនជាលើកដំបូងថា មនុស្សសត្វទាំងអស់គឺជាសាច់ញាតិនឹងគ្នា ។ ខ្ញុំបានរៀនថា នៅក្នុងពិភពលោកទាំងមូលនេះ វាមិនអាចស្វែងរកបុគ្គលណាម្នាក់ដែលមិនធ្លាប់ជាម្ដាយឬឪពុករបស់អ្នកបានទេ នៅក្នុងសង្សារវដ្តនេះ ។ ខ្ញុំពុំធ្លាប់បានគិតបែបនេះពីមុនមកទេ...» ។

ក្រោយពីបញ្ចប់ការសិក្សានៅប្រទសឥណ្ឌា (១៩៩០-១៩៩៤) យុវជន ស្តេវិន ក៏បានធ្វើដំណើរប្រទេសថៃ ដើម្បីសិក្សាឈ្វេងយល់អំពីវប្បធម៌និងពុទ្ធសាសនាថៃ ពីឆ្នាំ១៩៩៥-១៩៩៨ ។ បន្ទាប់មកក្នុងឆ្នាំ១៩៩៩ យុវជន ស្តេវិន បានឱកាសធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅទីនោះហើយដែលលោកបានចួបនឹងព្រះឧបជ្ឈាយ៍របស់លោកដែលជាជនជាតិភូមាគឺ ព្រះតេជព្រះគុណ សយាដរ អ៊ូ សីលនន្ទ នៅមជ្ឈមណ្ឌលវិបស្សនាតថាគត នារដ្ឋកាលីហ្វញ៉ា ។ យុវជន ស្ដេវិន បានចាប់ផ្ដើមរៀនធម៌បួស ក្នុងសម្នាក់ព្រះឧបជ្ឈាយ៍អង្គនោះ ។ លុះដល់ឆ្នាំ២០០២ទើបបំពេញឧបសម្បទាជាភិក្ខុដោយពេញបរិបូរណ៍ នៅឯមជ្ឈមណ្ឌលពុទ្ធសាសនាដដែលនោះ និងបានក្លាយជាភិក្ខុថេរវាទជនជាតិអ៊ូហ្គង់ដាទី១ ក្នុងប្រវត្តិសាស្ត្រទ្វីបអាហ្វ្រីក ។
ភិក្ខុ សង្ឃរក្ខិត និងសាមណេរទាំងឡាយ និមន្តបិណ្ឌបាត្រតាមភូមិ, ២៥ ធ្នូ ២០១៩ ។ រូបភាព៖ UBC

បេសកកម្មធម្មទូត៖ នាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសអ៊ូហ្គង់ដា

ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត មានបំណងចង់ផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ប្រទេសកំណើត ក្នុងឆ្នាំ១៩៩២ តាំងពីនៅប្រទេសឥណ្ឌាម្ល៉េះ ។ ប៉ុន្តែព្រះអង្គបានរំឭកថា ក្រោយពីព្រះអង្គបានចួបនឹងសម្ដេចសង្ឃដាឡៃឡាម៉ាក្នុងឆ្នាំ១៩៩៤ បំណងនោះក៏ត្រូវបានផ្អាកទុកមួយរយៈសិន ។ ព្រះអង្គមានបំណងបង្កើតពុទ្ធិកសមាគមអាហ្វីក-ទីបេត៍ និងមជ្ឈមណ្ឌលពុទ្ធសាសនាមួយ នៅប្រទេសអ៊ូហ្គង់ដា ។ សម្ដេចសង្ឃដាឡៃឡាម៉ាបានផ្ទាល់គំនិតដល់ព្រះអង្គថាឲ្យព្រះអង្គស្វែងរកមិត្តភ័ក្តិដែលអាចជួយព្រះអង្គឲ្យសម្រេចគោលបំណងទាំងនោះបាន ។

ព្រះអង្គបានស្វែងរកកល្យាណមិត្តរយៈពេល ១០ ឆ្នាំ ទើបអាចបង្កើតមជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា (Uganda Buddhist Centre) និងសមាគមមួយ ដោយជោគជ័យ ក្នុងឆ្នាំ២០០៥ ជាមជ្ឈមណ្ឌលពុទ្ធសាសនាទី១នៅប្រទេសអ៊ូហ្គង់ដា ដែលជាបេះដូងនៃទ្វីបអាហ្វ្រីក ។ វាបានធ្វើឲ្យព្រះអង្គនឹកឃើញដល់អត្ថន័យអំពីអ្វីដែលសម្ដេចសង្ឃដាឡៃឡាម៉ាបានមានសង្ឃដីកា ។

«ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងថា ការបានចួបធម្មមិត្ត ស្មើនឹងការបានចួបធម្មជីវិតរបស់ខ្លួនដែរ ។ បើក្រឡេកមើលទៅក្រោយវិញ ខ្ញុំអាចយល់បានថា ការខំប្រឹងប្រែងទាំងអម្បាលមាណអាចសម្រេចទៅបាន ក៏ដោយសារខ្ញុំមានធម្មមិត្តគ្រប់ជ្រុងនៃពិភពលោកដែរ» ភន្តេ ពុទ្ធរក្ខិត បានរំឭកឡើងវិញ ។

ការចាប់ផ្ដើមមជ្ឈមណ្ឌលពុទ្ធសាសនានេះ គឺធ្វើឡើងក្រោយពីព្រះអង្គបាននិមន្តត្រលប់ពីសហរដ្ឋអាម៉េរិកវិញ ជាទីដែលព្រះអង្គគង់នៅសិក្សាវិបស្សនាអស់រយៈពេល ៨ ឆ្នាំ ។ ដូចនៅក្នុងរូបភាពខាងលើ ទីតាំងកសាងមជ្ឈមណ្ឌល ឬវត្តពុទ្ធសាសនានេះ គឺជាវាលព្រៃរបោះមុខទល់នឹងបឹងវិចទ័ររៀ (Lake Victoria) ដ៏ធំល្វឹងល្លើយ មានព្រំប្រទល់ជាប់ប្រាំប្រទេស (តង់ហ្សានី អ៊ូហ្គង់ដា កេនយ៉ា ប៊ូរុនឌី និង រវ៉ាន់ដា) ។ ពីដំបូងមុននឹងបានអាគារដូចសព្វថ្ងៃ ព្រះអង្គត្រូវគង់នៅក្នុងវត្តចល័ត ពោលគឺបោះតង់ដូចលោកធុតង្គ មានបរិស័ទទៅស្ដាប់ធម៌ម្ដងម្កាល ដែលជាការចាប់ផ្ដើមដ៏យ៉ាប់យឺន តែដោយឆន្ទៈនិងវីរិយៈដ៏មុតមាំ ។

ព្រះអង្គក៏បានចាប់ផ្ដើមស្វែងរកថវិកា តាមរយៈអ្នកឧបត្ថម្ភក និងស្ថាប័នមួយចំនួនដូចជា សន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសជប៉ុនជាដើម ។ ព្រះអង្គប្រើឱកាសក្នុងសន្និសីទនេះដើម្បីបញ្ចុះបញ្ចូលសាសនូបត្ថម្ភកជាច្រើន ឲ្យបានយល់ដឹងពីសារសំខាន់នៃមជ្ឈមណ្ឌលពុទ្ធសាសនា ដូចនៅប្រទេសអ៊ូហ្គង់ដានេះ ។ ជាបន្តបន្ទាប់មក ជំនួយក៏ចេះតែផ្ដល់មកជាហូរហែរ មានអ្នកស្ម័គ្រចិត្តផងដែរ មកពីប្រទេសមួយចំនួនដូចជា កាណាដា ម៉ាឡេស៊ី និងថៃ ។

បន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញមក ព្រះអង្គបានចាត់ចែងទិញដីមួយកន្លែងដែជាដីបច្ចុប្បន្ននេះ ។ ព្រះអង្គបានមានសង្ឃដីកាថា ដោយសារមានជម្លោះដី មានគេលួចបាញ់ធ្វើឃាតព្រះអង្គទៀតផង តែសំណាងល្អដែលបាញ់មិនចំ ។ តែព្រះអង្គមិនរាថយឡើយ ដោយជឿជាក់ថា ព្រះពុទ្ធសាសនានឹងអាចនាំមកនូវលទ្ធផលល្អសម្រាប់សង្គមរបស់ព្រះអង្គបាន រហូតដល់បង្កើតបានមជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដាដោយជោគជ័យ ។
សកម្មភាពផ្សេងៗរបស់មជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា កំឡុងឆ្នាំ២០១៩ (រូបភាពទី១ខាងលើដើរកណ្ដាល គឺជាអនុប្រធានាធិបតីអ៊ូហ្គង់ដា ឯកឧត្តម អេដវឺដ គីវ៉ាន់នុកា ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលពុទ្ធសាសនា, ៨ មេសា ២០១៩) ។ រូបភាព៖ UBC

ប្រពៃណីប្រជាជនអ៊ូហ្គង់ដា និងវប្បធម៌ថ្មីនៃព្រះពុទ្ធសាសនា

ទ្រឹស្តីព្រះពុទ្ធសាសនាគឺថ្មីសុទ្ធសាធចំពោះប្រជាជនអ៊ូហ្គង់ដា ជាង ៤២ លាននាក់ ដែល ៨៤% គឺជាអ្នកកាន់គ្រិស្តសាសនា ។ ដូច្នេះការផ្សព្វផ្សាយព្រះធម៌ដំបូងនៅទីនោះពិតជាមិនងាយស្រួលទេ ។ ដូចរៀបរាប់ខាងលើស្រាប់ គឺព្រះអង្គត្រូវប្រថុយជីវិត ដើម្បីត្រួសត្រាយផ្លូវ សាបព្រួសនូវពូជព្រះធម៌នៅលើទឹកដីថ្មីនេះ ។

ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត មានសង្ឃដីកាថា ព្រះពុទ្ធសាសនាគឺមានភាពខុសគ្នាឆ្ងាយ ពីជំនឿសាសនាដែលព្រះអង្គធ្លាប់បានដឹងពីមុនមក ។ ព្រះអង្គកើតមកជាកាតូលិកក៏ពិតមែន តែនៅអាហ្វ្រីកក៏មានជំនឿដូនតារបស់ខ្លួនដែរ ដែលគេហៅថា តូតេម ។ ប៉ុន្តែសំខាន់ត្រង់ថា គ្រប់កាតូលិក និងគ្រិស្តបរិស័ទទាំងអស់គឺជាតូតេម ។

ព្រះអង្គបញ្ជាក់ថា តូតេមគឺជាអ្នកការពារ ជាអ្នកនាំផ្លូវ និងជាប្រព័ន្ធបំណែងចែកសង្គម ។ វាមិនមែនជាសាសនាដែលមានលក្ខណៈរៀបរយទេ ប៉ុន្តែវាមានចំណុចខ្លាំងនៅពេលដែលប្រជាជនមានជំនឿ ។ ព្រះអង្គលើកជាឧទាហរណ៍ថា «តូតេមរបស់អាត្មាគឺជាតូទ័រ ហើយតូតេមរបស់គ្រួសារអាត្មាក៏ជាតូទ័រដែរ ។ គេហាមឃាត់មិនឲ្យប៉ះពាល់ សម្លាប់ ឬបរិភោគ តូតេមរបស់ខ្លួនទេ ហើយប្រសិនបើអាត្មាជាគ្រហស្ថ អាត្មាមិនត្រូវបានអនុញ្ញាតឲ្យរៀបការជាមួយនរណាដែលមកពីក្រុមតូតេមខ្លួនឯងទេ» ។

ព្រះអង្គមានសង្ឃដីកាទៀតថា ព្រះអង្គកំពុងសិក្សាឈ្វេងយល់ពីចំណុចនេះក្នុងប្រព័ន្ធជំនឿរបស់ប្រជាជនអ៊ូហ្គង់ដា ។ ប៉ុន្តែព្រះអង្គគិតថា ប្រជាជនអ៊ូហ្គង់ដាមានជំនឿក្នុងរឿងកម្មផល ។ ឧទាហរណ៍អ៊ូហ្គង់ដារមានពាក្យទំនៀមថា «ប្រសិនបើអ្នកសម្លាប់ដង្កូវដោយអចេតនា នៅពេលដែលអ្នកបរិភោគផ្សិត បន្ទាប់ពីស្លាប់ទៅហើយគេកប់ក្នុងដី ដង្កូវនឹងស៊ីអ្នកវិញ» ។

នេះមានន័យថា អ្នកត្រូវតែគិតឲ្យគ្រប់ជ្រុងជ្រោយអំពីទង្វើរបស់អ្នក ហើយវាមានទោសត្រលប់មកវិញប្រសិនបើអ្នកមិនបានគិត ។ ជាការពិត ប្រជាជនអាហ្វ្រីកមិនមានទស្សនាទានអំពីស្ថានសួគ៌ ឬស្ថាននរកទេ នៅក្នុងលទ្ធិតូតេម តែពួកគេជឿលើការកើតឡើងវិញ ។ ពួកគេក៏ជឿដែរថា ដូនតាដែលស្លាប់ទៅអាចជួយនាំផ្លូវពួកគេ ក្នុងគ្រាមានជោគនិងមានគ្រោះបាន ។

ក្នុងដំណាក់កាលដំបូង ការផ្សាព្វផ្សាយព្រះធម៌នៅទីនោះពុំសូវមានគេចាប់អារម្មណ៍ប៉ុន្មានទេ ថែមទាំងមានអ្នកមិនសប្បាយចិត្តទៀតផង ។ ប្រជាជនមិនស្គាល់ព្រះសង្ឃពុទ្ធសាសនាផង ព្រោះវប្បធម៌អាស៊ីមិនដូចអាហ្វ្រីកទេ ។ ព្រះអង្គប្រាប់សារព័ត៌មានពុទ្ធិសឌ័រទៀតថា «ពីដំបូង ពេលអាត្មានិមន្តមកប្រទេសអ៊ូហ្គង់ដា ដោយគ្រងចីពរជាព្រះសង្ឃ ប្រជាជនធ្លាប់សុំឲ្យអាត្មាឈប់នៅតាមផ្លូវ ហើយសួរថាអាត្មាទិញចីពរនេះពីណាមក ហើយនៅទីណាដែលពួកគេអាចរកទិញវាបានដើម្បីពាក់ដែរ ។ ក្មេងៗវិញរត់ចេញព្រោះខ្លាចអាត្មា» ។

ព្រះអង្គរំឭកថា អ្នកជិតខាងវត្តបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា ព្រះអង្គបានចាប់ជំរិតកូនក្មេង ហើយឃាំងពួកគេទុកនៅក្នុងព្រះវិហារ ។ តែតាមពិតពួកគេមើលតាមបង្អូចទៅឃើញព្រះពុទ្ធបដិមា នៅក្នុងព្រះវិហារដែលព្រះអង្គយកពីប្រទេសស្រីលង្កាស្មានថាជាកូនក្មេងទៅវិញ ។ ព្រះអង្គបញ្ជាក់ថា នេះជាឧទាហរណ៍មួយថាតើប្រជាជនគិតថាព្រះពុទ្ធមានលក្ខណៈចម្លែកយ៉ាងណា ។

ព្រះអង្គយល់ឃើញថា «ដូច្នេះ បើយើងចង់បានជោគជ័យ ដំណើរការត្រូវធ្វើតាមជំហានកូនក្មេង ហើយយើងត្រូវការពុទ្ធបរិស័ទដែលកើតឡើងក្នុងស្រុក និងព្រះសង្ឃដែលកើតឡើងក្នុងស្រុក នៅក្នុងប្រទេសអ៊ូហ្គង់ដា» ។ ដូច្នេះហើយបានជាព្រះអង្គបានចាប់ផ្ដើមបើកសាលារៀនសន្តិភាព ឬ «Peace School» ដើម្បីបង្រៀនសហគមន៍អំពីព្រះពុទ្ធសាសនា ជាពិសេសក្មេងៗ ដោយសង្ឃឹមថាអាចទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងសហគមន៍បាន ។

ត្រឹមឆ្នាំ២០១៥ សហគមន៍ចំណុះជើងវត្តមានចំនួន ១៥ នាក់ជាពុទ្ធបរិស័ទ ដែលមកសូត្រធម៌ ស្ដាប់ធម្មសាកច្ឆា និងរៀនសមាធិជាប្រចាំ ។ «អ្នកអាចគិតនេះជាចំនួនតិចតួច ប៉ុន្តែនៅអាហ្វ្រីកមិនតិចទេ ។ យើងសង្ឃឹមថានឹងបានជ្រួតជ្រាបដល់ប្រជាជនច្រើនទៀតនាពេលអនាគត» ព្រះអង្គបញ្ជាក់ ។

មុនពេលឃើញការរួមចំណែកជាវិជ្ជមានរបស់កម្មវិធីព្រះពុទ្ធសាសនាចំពោះសង្គមអាហ្វ្រីក ដំបូងប្រជាជនហាក់អល់អែកក្នុងការចូលរួម ប៉ុន្តែឥឡូវនេះ ព្រះអង្គសង្កេតឃើញមានការផ្លាស់ប្តូរខ្លះហើយ ពីព្រោះពួកគេឃើញថាព្រះអង្គមានតែគិតគូរដល់សុខុមាលភាពរបស់ពួកគេតែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងទេ ។

យុទ្ធសាស្ត្រ៖ ការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍

ប្រជាជននៅប្រទេសអ៊ូហ្គង់ដាក៏ដូចជាប្រទេសភាគច្រើននៅអាហ្វ្រីកនៅក្រីក្រនៅឡើយ ។ តាមរយៈការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ វាអាចធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍ពីការចូលរួមក្នុងសកម្មភាពមជ្ឈមណ្ឌលពុទ្ធសាសនាបាន ។ 

ប្រជាជនក្នុងបំតន់ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ ដូច្នេះព្រះអង្គបានជីកអណ្ដូងស្នប់សម្រាប់ប្រើប្រាស់ក្នុងភូមិ តាមរយៈជំនួយសប្បុរសធម៌ពីធម្មមិត្តបរទេសជាច្រើន ។

«អ្នកភូមិនៅទីនេះពេលខ្លះមិនចូលចិត្តយើងទេ ប៉ុន្តែពួកគេពិតជាចូលចិត្តទឹកដែលយើងបានផ្ដល់ឲ្យ! បន្ទាប់ពីបានឃើញពីសារប្រយោជន៍របស់អណ្ដូងទឹក អាត្មាភាពបានធ្វើអណ្ដូងស្នប់មួយទៀតនៅខាងក្រៅវត្ត ដូច្នេះអ្នកភូមិដែលមិនចូលចិត្តយើង ក៏អាចទទួលបានប្រយោជន៍ពីទឹកនៅខាងក្រៅវត្តបានដែរ» ភន្តេ ពុទ្ធរក្ខិត បានមានសង្ឃដីកា ។

ក្រៅពីគម្រោងសាលារៀនសន្តិភាពសម្រាប់ក្មេងៗ បច្ចុប្បន្នមជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដាបានពង្រីកគម្រោងរបស់ខ្លួនជាច្រើនទៀតដូចជា វិបស្សនាសមាធិ វិបស្សនាសម្រាប់កូនក្មេង ការពង្រឹងសមត្ថភាពស្ត្រី ទឹកប្រើប្រាស់ការសម្អាតនិងអានាម័យ ដំណើរដើម្បីផ្ដល់ស្បៀងអាហារដល់ជនអត់ឃ្លាន និងការពង្រឹងសមត្ថភាពយុវជន ។
ព្រះតេជព្រះគុណ ទឹងតាន់ លីវ សៀង ជេស្ទឹន ពីប្រទេសកម្ពុជាបាននិមន្តទៅមជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា, ១៨-៣១ តុលា ២០១៩ ។ រូបភាព៖ UBC

ធម្មមិត្តអន្តរជាតិ

តាមរយៈការអំពាវនាវរបស់ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត នៅតាមវេទិកាអន្តរជាតិនានាដូចជាពិធីបុណ្យវិសាខបូជាអន្តរជាតិ និងសន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសជប៉ុនជាដើម ព្រះសង្ឃនិងពុទ្ធបរិស័ទពីប្រទេសកាន់ព្រះពុទ្ធសាសនាគ្រប់ទិសទីបានផ្ដល់ជំនួយឧបត្ថម្ភចំពោះគម្រោងនានារបស់មជ្ឈមណ្ឌលពុទ្ធសាសនានៅអ៊ូហ្គង់ដា និងបាននិមន្តនិងអញ្ជើញចូលរួមសកម្មភាពមួយចំនួនជាបន្តបន្ទាប់នៅទីនោះ ។ អ្នកធ្វើការស្ម័គ្រចិត្តជាច្រើនក៏បានទៅបម្រើការនៅវត្តពុទ្ធសាសនានោះផងដែរ ។

យោងតាមគេហទំព័រ និងគណនីហ្វេសប៊ុករបស់មជ្ឈមណ្ឌល យើងឃើញមានព្រះសង្ឃពីប្រទេសភូមា ថៃ ស្រីលង្កា កម្ពុជា និងប្រទេសដទៃទៀតបាននិមន្តទៅដល់មជ្ឈមណ្ឌល ក្នុងកម្មវិធីផ្សេងៗ ។ ពុទ្ធបរិស័ទពីប្រទេសជាច្រើនទៀតបានផ្ដល់ជំនួយឧបត្ថម្ភ ដូចជា ម៉ាឡេស៊ី អូស្ត្រាលី សហរដ្ឋអាម៉េរិក និងជប៉ុន ជាដើម ។

ក្នុងឆ្នាំ២០១៧ ព្រះសង្ឃភូមាដ៏ល្បីល្បាញមួយព្រះអង្គគឺ ព្រះតេជព្រះគុណ អគ្គមហាបណ្ឌិត អភិធជមហារដ្ឋគុរុ អាសិន ញាណិស្សរៈ (សិតគុ សយាដវ) និងគណៈប្រតិភូសង្ឃទ ១១ អង្គទៀត បាននិមន្តទៅដល់មជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា ដើម្បីផ្សព្វផ្សាយព្រះធម៌ និងបើកសម្ភោធជាផ្លូវការនូវមជ្ឈមណ្ឌលពុទ្ធសាសនានេះ ហើយបានបំបួសជនជាតិអ៊ូហ្គង់ដាម្នាក់ទៀតឲ្យឡើងជាភិក្ខុ ហើយមាននាមបញ្ញត្តិថា សង្ឃរក្ខិត និងជនជាតិអេហ្ស៊ិបម្នាក់ទៀតឲ្យឡើងជាភិក្ខុផងដែរ ។

ដោយឡែក កាលពីចុងឆ្នាំ២០១៩កន្លងទៅ យើងឃើញមានវត្តមានព្រះសង្ឃខ្មែរគឺ ព្រះតេជព្រះគុណ ទឹងតាន់ លីវ សៀង ជេស្ទឹន បានមន្តទៅដល់មជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា ដើម្បីផ្សព្វផ្សាយព្រះធម៌ ។ ព្រះអង្គបានចែកសៀវភៅសិក្សា និងសម្ភារផ្សេងៗដល់សិស្សានុសិស្សសាលារៀនសន្តិភាព និងសហគមន៍ប៊ូឡេហ្គាដែលជាចំណុះជើងវត្តទៀតផង ។

បច្ចុប្បន្ន នៅក្នុងប្រទេសអ៊ូហ្គង់ដា ពោលគឺមជ្ឈមណ្ឌលពុទ្ធសាសនាអ៊ូហ្គង់ដា មានភិក្ខុ ២ អង្គ (ភន្តេ ពុទ្ធរក្ខិត និងភិក្ខុ សង្ឃរក្ខិត) សាមណេរ ៤ អង្គ និងដូនជីបួសតាមប្រពៃណីពុទ្ធសាសនាភូមាម្នាក់ ដែលជាញោមស្រីរបស់ភន្តេ ពុទ្ធរក្ខិត ។ នៅក្នុងវត្តដែលកាលពីឆ្នាំ២០០៦ ជាទីវាលនោះ ឥឡូវមានព្រះវិហារសម្រាប់ធ្វើវិបស្សនា ស្តូបតូចមួយ កុដិសម្រាប់ព្រះសង្ឃ និងសាលារៀនសម្រាប់កូនក្មេង ។ គម្រោងទៅអនាគតគឺការបង្កើតសាលាបឋមសិក្សា ដែលផ្ដល់ការអប់រំបែបព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅ ។ គម្រោងបន្ទាប់ទៀតគឺការបង្កើត ពុទ្ធិកសាកលវិទ្យាល័យទ្វីបអាហ្វ្រីក (African Buddhist University) ។

តាមរយៈការខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្តរបស់ព្រះតេជព្រះគុណ ភន្តេ ពុទ្ធរក្ខិត និងការជួយជ្រោមជ្រែងពីធម្មមិត្តអន្តរជាតិ ព្រះពុទ្ធសាសនានឹងចម្រើនរុងរឿងនៅប្រទេសអ៊ូហ្គង់ដា ក៏ដូចជានៅទ្វីបអាហ្វ្រីកទាំងមូលបន្តិចម្តងៗជាក់ជាមិនខាន ។ ព្រះតេជព្រះគុណជឿជាក់យ៉ាងមុតមាំថា «វាជាផ្លូវមួយដ៏វែងឆ្ងាយហើយលំបាក ប៉ុន្តែអាត្មាជឿជាក់ថា ក្នុងរយៈពេលវែង វាពិតជាអាចទៅរួច» ៕

ប្រភពព័ត៌មាន៖
1. Sean Mós "A New Wave: The Birth of Buddhism in Uganda," Buddhistdoor Global, December 21, 2015, accessed August 3, 2020, URL: https://www.buddhistdoor.net/features/a-new-wave-the-birth-of-buddhism-in-uganda.
2. Uganda Buddhist Centre, Website, URL: http://ugandabuddhistcenter.org.
3. Uganda Buddhist Centre, Facebook Page, URL: https://www.facebook.com/ubc.ug.org.
4. "Buddhist centre opened in Uganda, the first on the African continent," NTVUganda, April 23, 2017, Youtube, URL: https://youtu.be/uShTM01UaLw.
5. "Planting Dhamma Seeds," Uganda Buddhist Centre, September 4, 2018, Youtube, URL: https://youtu.be/HqZjdIlvqVs.

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment