ក្នុងទិវាមិត្តភាពផលិតករភាពយន្តឥណ្ឌាមួយរូបថា«ពុទ្ធសាសនាជាចំណងរួមរវាងយើងទាំងអស់គ្នា» - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 03, 2020

ក្នុងទិវាមិត្តភាពផលិតករភាពយន្តឥណ្ឌាមួយរូបថា«ពុទ្ធសាសនាជាចំណងរួមរវាងយើងទាំងអស់គ្នា»

អ្នកស្រី តាហិរា កស្សប ។ រូបភាព៖ Instargram's tahirakashyap

លោកវិទូ | ថ្ងៃ ២᧮៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៣ សីហា ២០២០

ក្នុងទិវាមិត្តភាពដែលឥណ្ឌាហៅថា «រក្សាពន្ធ័ន» អ្នកស្រី តាហិរា កស្សប បាននិយាយអំពីពុទ្ធសាសនាថាជាចំណងភ្ជាប់មិត្តភាពរួមមួយ ក្រៅពីវិស័យភាពយន្ត និងសិល្បៈ ។

ការបង្កើតមិត្តភក្តិកំឡុងពេលសិក្សានៅសាលារៀននិងសាកលវិទ្យាល័យ គឺងាយស្រួលជាង ប៉ុន្តែការរក្សានូវមិត្តភាពនោះសម្រាប់រយៈពេលជាច្រើនឆ្នាំ វាអាចពិបាកបន្តិចហើយ ។ ទោះយ៉ាងណា អ្នកស្រី តាហិរា កស្សប ជាផលិតករភាពយន្តឥណ្ឌា ជាអ្នកនិពន្ធ និងជាសាស្ត្រាចារ្យផង អាចរក្សាបាននូវមិត្តភាពជាមួយមិត្តភក្តិរួមមហាវិទ្យាល័យ តាំងពី ១៩ ឆ្នាំមុនរហូតបច្ចុប្បន្ន ។

កាលនៅមហាវិទ្យាល័យ អ្នកស្រីបានបង្កើតក្រុមភាពយន្តមួយមានឈ្មោះថា «មន្ច តន្ត្រ នៅក្នុងចណ្ឌីហ្គាហ៍» (Manch Tantra in Chandigarh) ដែលមានអ្នកស្រីនិងមិត្តភក្តិជាច្រើនជាសមាជិក ។ អស់រយៈពេលប្រមាណ ១៩ ឆ្នាំហើយ មិត្តភក្តិទាំងអស់នៅក្នុងក្រុមនេះ នៅបន្តរាប់អាននិងទាក់ទងគ្នាជាដរាប ហើយបានចួបគ្នានៅមុនការបិទប្រទេស នៅទីក្រុងមុមបៃ ។

និយាយអំពីមិត្តភាពរបស់ពួកគេជាច្រើនឆ្នាំមកនេះ អ្នកស្រី កស្សប បាននិយាយនៅលើអ៊ីនស្តាក្រាមរបស់អ្នកស្រីថា «មានភាពចាស់ទុំនិងការទទួលស្គាល់គ្នាជាច្រើនសព្វថ្ងៃនេះ ពេលដែលអ្នកស្រឡាញ់ជាទីបំផុតនូវមនុស្សដទៃ ដោយសារលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ និងឯកលក្ខណៈរបស់ពួកគេ ជាជាងព្យាយាមធ្វើឲ្យពួកគេត្រូវនឹងគំនិតរបស់អ្នក ថាពួកគេគួរតែជាមនុស្សបែបនេះឬបែបនោះ តាមដែលយើងធ្លាប់បានគិតកាលពីយើងនៅពីក្មេង ។»

«សព្វថ្ងៃនេះ យើងបានឈានដល់កម្រិតខ្ពស់ថ្មីនៃសម្ព័ន្ធភាពនិងមិត្តភាព ជាងកាលដែលយើងនៅ ១៩ ឆ្នាំមុន ។ មិត្តភក្តិទាំងអស់នេះគឺស្និទ្ធស្នាលនឹងខ្ញុំ ហើយបានឃើញការរីកចម្រើនរបស់ខ្ញុំ ។ អ្វីដែលខ្ញុំពេញចិត្តគឺត្រង់ថាយើងគ្មានការលាក់ពុតដាក់គ្នាទេ ។ ពួកគេស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកគេ ហើយការមានឥរិយាបថតាមធម្មជាតិរបស់ខ្លួនដោយពេញលេញ នៅចំពោះមុខនរណាម្នាក់ គឺវាពិតជាអស្ចារ្យណាស់ ។»

តាមការចុះផ្សាយរបស់កាសែតហិណ្ឌូស្ថានថែមស៍បានឲ្យដឹងថា ថ្មីៗនេះ អ្នកស្រី តាហិរា ដែលទើបតែបានបញ្ចប់ការសរសេរសៀវភៅទី៤របស់អ្នកស្រីដែលមានចំណងជើងថា The 12 Commandments Of Being A Woman (សីលវិធីទាំង១២យ៉ាងនៃភាពជាស្ត្រី) មានអារម្មណ៍ថា ចំណងក្នុងវិស័យភាពយន្ត ការតែងនិពន្ធ និងការសម្ដែង បានរក្សាមិត្តភាពរបស់ពួកគេ ។

អ្នកស្រីបាននិយាយថា «យើងមានសំណាងដែលបានចួបមនុស្សដែលមានចិត្តដូចគ្នាតាំងពីនៅក្មេងវ័យ ។ ពួកគេខ្លះជាអ្នកនិពន្ធ ចាងហ្វាងភាពយន្ត តារាសម្ដែង អ្នកសរសេរអត្ថបទ ប្រធានផ្នែកសិល្បៈ អ្នកសរសេរបទភ្លេង ។»

ជាពិសេសជាងនេះ អ្នកស្រីបានបន្ថែមទៀតថា «ក្រៅពីវិស័យភាពយន្ត និងសិល្បៈ ព្រះពុទ្ធសាសនាជាចំណងសម្ព័ន្ធភាពរួមមួយ រវាងពួកយើងទាំងអស់គ្នា ។ ទោះបីជាអ្នកដែលមិនប្រតិបត្តិតាមព្រះពុទ្ធសាសនាក៏ដោយ ក៏មាននូវបំណងប្រាថ្នារួមមួយ គឺដើម្បីក្លាយជាអ្នកមានមេត្តាធម៌ និងការប្រែខ្លួនឲ្យកាន់តែប្រសើរឡើង ។»

«យើងមានសតិនិងដឹងថា យើងចង់វិវឌ្ឍន៍ខ្លួនដោយរបៀបណាក្នុងភាពជាមនុស្ស ។ ខ្ញុំមានអារម្មណ៍ដឹងនូវកម្រិតនៃកតញ្ញុតា និងកម្រិតនៃការប្រែប្រួលផ្នែកសេចក្តីរីករាយពេញចិត្ត នៅពេលដែលអ្នកត្រេកអរនឹងបំណងប្រាថ្នារបស់អ្នកដទៃដែលបានសម្រេចផងដែរ ។ នោះហើយជាអ្វីដែលបានកើតឡើង នៅពេលដែលខ្ញុំដឹកនាំរឿងខ្លីមួយមានចំណងជើងថា «បិន្នី» "Pinni" [ជាឈ្មោះបង្អែមម្យ៉ាងនៅរដ្ឋបញ្ចាប និងរដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា ដែលគេចូលហូបនៅរដូវត្រជាក់] និង លោក គោតម ផងដែរដែលជាអ្នកផលិតរឿង «ឆាជូ កេ ទហី ភល្លេ» "Chhaju Ke Dahi Bhalle" ។ យើងទាំងពីរនាក់រីករាយចំពោះគ្នាទៅវិញទៅមក ។»

ក្នុងវ័យ ៣៥ ឆ្នាំ មានស្វាមីជាតារាប៊ូលីវូដដ៏ល្បីឈ្មោះ និងមានកូនពីរនាក់ អ្នកស្រី តាហិរា បានធ្វើតេស្តឃើញជំងឺមហារីកដំណាក់កាលដំបូង កាលពីឆ្នាំ២០១៨កន្លងទៅ ។ លទ្ធផលនេះធ្វើឲ្យជីវិតអ្នកស្រីស្ទើរស្លាប់ស្ទើររស់ គិតតែយំកើតទុក្ខឥតស្រាកស្រាន្ត និងស្ថិតនៅក្នុងស្ថានភាពជំងឺបាក់ទឹកចិត្តជាទម្ងន់ ដែលឈានដល់ការប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ ។ ដំបូងឡើយអ្នកស្រីគិតថា ជំងឺនេះជាជំងឺផ្លូវកាយ ដូច្នេះអ្នកស្រីគិតតែពីហាត់ប្រាណយ៉ាងខ្លាំង តែពុំទទួលបានលទ្ធផលល្អឡើយ ។

ក្រោយពីការវះកាត់មហារីកហើយ អ្នកស្រីកំពុងតែស្ថិតនៅក្នុងដំណើរជាសះស្បើយឡើងវិញ ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ សារព័ត៌មានញូវ១៨ (News18) បានស្រង់សម្ដីអ្នកស្រីថា សុខភាពអ្នកស្រីបានគ្រាន់បើវិញ នៅពេលដែលអ្នកស្រីសូត្រភាវនាព្រះធម៌ពុទ្ធសាសនា ។

អ្នកស្រីបាននិយាយថា «វាបន្ទាប់ពីខ្ញុំបានអនុវត្តការសូត្រភាវនាព្រះធម៌ពុទ្ធសាសនា ហើយផ្ដោតលើសុខភាពផ្លូវចិត្តរបស់ខ្ញុំប៉ុណ្ណោះ ទើបវិបត្តិទាំងឡាយនោះវាប្រែប្រួល» ។

ដោយឡែក រក្សាពន្ធ័នគឺជាបុណ្យហិណ្ឌូគួរជាទីរីករាយមួយ ដែលប្រារព្ធនៅថ្ងៃច័ន្ទ ទី៣ ខែសីហា ទូទាំងប្រទេសឥណ្ឌា ។ នៅក្នុងឱកាសនៃពិពីបុណ្យមិត្តភាពនេះ គេចង់ដៃគ្នានឹងចំណងដែលគេហៅថា «រាខី» "Rakhi" រវាងបងប្អូនប្រុសស្រីក្នុងគ្រួសារ ។ ជាបុណ្យមួយក្នុងចំណោមបុណ្យដែលគេគោរពជាងគេរបស់ឥណ្ឌា បុណ្យហិណ្ឌូរក្សាពន្ធ័នមួយនេះ ជាបុណ្យនៃចំណងមិត្តភាពរវាងបងប្រុស និងប្អូនស្រី ។ ក្នុងថ្ងៃនេះ ប្រជាជនឥណ្ឌានិយមនិយាយគ្នារឿងមិត្តភាព ក្នុងឆាកជីវិតរបស់ពួកគេរៀងៗខ្លួន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment