សម្ដេចសង្ឃដាឡៃឡាម៉ា៖ ពុទ្ធសាសនាអាចជាស្ពានចម្លងភាពខុសគ្នារវាងឥណ្ឌានិងចិនបាន - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, August 04, 2020

សម្ដេចសង្ឃដាឡៃឡាម៉ា៖ ពុទ្ធសាសនាអាចជាស្ពានចម្លងភាពខុសគ្នារវាងឥណ្ឌានិងចិនបាន

រូបភាពឯកសារ៖ សម្ដេចសង្ឃដាឡៃឡម៉ា ។

លោកវិទូ | ថ្ងៃ ៣᧯៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ សីហា ២០២០

ធម្មសាលា៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឌឺត្រៃព្យូន (The Tribune) បានឲ្យដឹងថា សម្ដេចសង្ឃដាឡៃឡាម៉ា មេដឹកនាំសាសនាទីបេត៍ បានមានសង្ឃដីកាក្នុងកំឡុងការសន្ទនាតាមអនឡាញមួយ ជាមួយសិស្ស-និស្សិតឥណ្ឌា នៅថ្ងៃអង្គារនេះថា ពុទ្ធសាសនាអាចជាស្ពានចម្លងភាពខុសគ្នារវាងឥណ្ឌានិងចិនបាន ។

សម្ដេចសង្ឃដាឡៃឡាម៉ា បានមានសង្ឃដីកាទៅកាន់សិស្ស-និស្សិត ពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យដែល្លី (DU) ទីក្រុងញូវដែល្លី, សាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) ទីក្រុងពារាណសី, សាកលវិទ្យាល័យឥន្ទ្រប្រាស្ថា គុរុ គោវ័ន សិង្ហ (GGSIU) ទីក្រុងញូវដែល្លី, វិទ្យាស្ថានជាតិបច្ចេកវិទ្យា (NIT) រដ្ឋអរុណាច័លប្រទេស, និងសាលារៀនមជ្ឈមណ្ឌលចប្រា រដ្ឋពិហារ ។

ព្រះអង្គបានលើកឡើងថា ឥណ្ឌានិងចិនអាចទទួលបាននូវសន្តិភាព តាមរយៈវប្បធម៌ព្រះពុទ្ធសាសនារួម និងឈរលើភាពខុសគ្នាស្រឡះរវាងប្រជាជាតិទាំងពីរ ដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងដំណើររបស់ប្រទេសទាំងពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ។

សម្តេចសង្ឃដាឡៃឡាម៉ាបានមានសង្ឃដីកាថា ប្រទេសចិននិងឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ។ នៅពេលដែលប្រទេសចិនបានប្រឈមមុខនឹងការឡើងនិងចុះខ្សោយគ្រប់បែបយ៉ាង ប្រទេសឥណ្ឌាបានថែរក្សាលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋជានិច្ច ។ វាជាប្រទេសមួយដែលប្រជាជនផ្សេងគ្នា ដែលមានភាសានិងវប្បធម៌ផ្ទាល់ខ្លួន ជាប្រជាជនរបស់សហភាពឥណ្ឌាតែមួយ ។ ព្រះអង្គក៏បានពន្យល់ពីបទពិសោធន៍របស់ព្រះអង្គ ក្នុងការរស់នៅនិរទេសនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាង ៦០ ឆ្នាំនៅប្រទេសឥណ្ឌាផងដែរ ។

ឥណ្ឌានិងចិនកំពុងឆ្លងកាត់គ្រាលំបាក ដោយសារមានជម្លោះកើនឡើងនៅតាមព្រំដែន ។ នៅក្នុងការប៉ះទង្គិចដ៏អាក្រក់បំផុតមួយនៅតាមព្រំដែនទាហានឥណ្ឌា ២០ នាក់បានស្លាប់ ខណៈពេលដែលទាហានចិនមិនតិចទេក៏រងផលប៉ះពាល់ផងដែរ នៅក្នុងតំបន់គលវាន រដ្ឋសហព័ន្ធលទ្ធាខ កាលពីខែមុន ។ សម្ដេចសង្ឃដាឡៃឡាម៉ាបានមានសង្ឃដីថា មានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពី រហើយវាអាចនាំឲ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងនៅអាស៊ី ។

សម្តេចសង្ឃដាឡៃឡាម៉ាបានមានសង្ឃដីកាទៀតថា ប្រទេសចិនជាប្រទេសកាន់ព្រះពុទ្ធសាសនាពីបុរាណមក ហើយសព្វថ្ងៃនេះមានជនជាតិចិនប្រមាណ ៤០០ លាននាក់ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ដូច្នេះមានវប្បធម៌រួមរវាងចិននិងឥណ្ឌាដែលអាចជាមូលដ្ឋានសម្រាប់ធ្វើការរួមគ្នាដើម្បីសម្រេចបានសន្តិភាពនៅលើពិភពលោក ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment