ធម្មទេសនា (បាឋកថា) ដ៏កម្ររបស់សម្ដេច ព្រះធម្មវរៈ មហាថេរៈ នៅប្រទេសអង់គ្លេស, ១៩៧៣ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, September 02, 2020

ធម្មទេសនា (បាឋកថា) ដ៏កម្ររបស់សម្ដេច ព្រះធម្មវរៈ មហាថេរៈ នៅប្រទេសអង់គ្លេស, ១៩៧៣



លោកវិទូ | ថ្ងៃ ៤᧯១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០២ កញ្ញា ២០២០

សម្ដេច ព្រះវីរៈ បែលឡុង ធម្មវរៈ មហាថេរៈ ជាព្រះសង្ឃខ្មែរដ៏ល្បីឈ្មោះ ក្នុងចំណោមមេដឹកនាំព្រះពុទ្ធសាសនា លើឆាកអន្តរជាតិ តាំងពីឆ្នាំ ១៩៥០ មក ។

សម្ដេចព្រះធម្មវរៈ មហាថេរៈ (ហៅដោយខ្លី) ជាព្រះរាជគ្រូ ឬទីប្រឹក្សាខាងពុទ្ធចក្ររបស់សម្ដេច ព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយាម ។ ព្រះអង្គក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌា លោក បណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ ។

ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៧៣ ដល់ ១៩៧៦ ព្រះអង្គត្រូវបានគេនិមន្តទៅសម្ដែងធម្មទេសនា ដល់សិស្ស-និស្សិតចម្រុះជាតិសាសន៍ នៅសភាអន្តរជាតិដើម្បីការអប់រំជានិរន្តរ៍ (The International Academy for Continuous Education) នៅទីក្រុងស៊ើបោន ប្រទេសអង់គ្លេស ។

ខាងលើនេះគឺសំឡេងធម្មទេសនា (បាឋកថា) លើកទី១ ដែលព្រះអង្គបានសម្ដែងទៅកាន់បរិស័ទនៅទីនោះ នៅថ្ងៃទី ១៨ មិថុនា ១៩៧៣ ហើយជាសំឡេងធម្មទេសនាមួយ ដែលយើងទទួលបាននាពេលថ្មីៗនេះ ។ ធម្មទេសនានេះមានប្រធានបទថា «ជីវប្រវត្តិ និងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ» ។

នៅក្នុងធម្មទេសនាដ៏កម្របាននេះ សម្ដេចព្រះធម្មវរៈ មហាថេរៈ បានសម្ដែងដោយសង្ខេប ប៉ុន្តែមានខ្លឹមសារល្អ អំពីពុទ្ធប្បវត្តិ និងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ដោយធ្វើការប្រៀបធៀបជាមួយនឹងសាសនាធំៗ នៅក្នុងពិភពលោក ប្រកបដោយធម្មរសទូលំទូលាយ ។

ព្រះអង្គបានលើកឡើងអំពីវត្ថុជាទីសក្ការ ៣ យ៉ាងដូចគ្នា ក្នុងពុទ្ធសាសនា (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) ក្នុងគ្រិស្តសាសនា (ព្រះបិតា ព្រះបុត្រ និង ព្រះវិញ្ញាណបរិសុទ្ធ) ក្នុងសាសនាព្រហ្មណ៍ (ព្រះព្រហ្ម ព្រះសិវៈ និង ព្រះវិស្ណុ) និងក្នុងសាសនាឥស្លាម (ព្រះអាហ្លា ព្រះមោហម័ទ និង គម្ពីរកោរ៉ាន/កូរអាន) ។ ព្រះអង្គបានលើកជាសំណួរថា ហេតុអ្វីបានជាសាសនាធំៗទាំងនេះ មានជំនឿទៅលើវត្ថុបីយ៉ាងដូចគ្នាយ៉ាងដូច្នេះ? ព្រះអង្គមានថេរដីកាថា នេះប្រាកដជាមានអ្វីអាថ៌កំបាំងនៅពីក្រោយរឿងនេះ ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវបន្តទៀត ។

នៅត្រង់ប្រហែលនាទីទី៩នៃវីដេអូខាងលើ មានចំណុចសំខាន់គួរឲ្យចាប់អារម្មណ៍មួយ អំពីសាសនាផ្សេងៗ ។ ព្រះអង្គមានថេរដីកាថា «ចំពោះអាត្មា អាត្មាសូមនិយាយទៅកាន់អ្នកទាំងអស់គ្នាថា អាត្មាមិនជឿថាមានភាពខុសគ្នារវាងសាសនាទេ ។ អាត្មាជឿថាមានតែសាសនាមួយតែប៉ុណ្ណោះ សាសនានោះគឺ មនុស្សជាតិ ។ ហេតុអ្វីបានជាអាត្មានិយាយអ៊ីចឹង? ពីព្រោះបើអ្នកសិក្សាឲ្យស៊ីជម្រៅ អ្នកនឹងឃើញថា ព្រះពុទ្ធជាម្ចាស់ទ្រង់មិនដែលមានព្រះពុទ្ធបំណង ក្នុងការបង្កើតសាសនាណាមួយទេ ។ ព្រះយេស៊ូគ្រិស្តក៏ដូចគ្នាដែរ ព្រមទាំងព្រះមោហម័ទផងដែរ ។»

ចំពោះព្រហ្មញ្ញសាសនា ព្រះអង្គមានថេរដីកាថា មានភាពស្មុគ្រស្មាញខ្លះ ដែលពិបាកនិយាយ ។ ព្រះអង្គមានថេរដីកាថា «អ្នកកាន់ព្រហ្មញ្ញសាសនាជឿលើព្រះបង្កើតលោក គឺព្រះឦស្វរៈ​ ។ ប៉ុន្តែពួកគេនិយាយថា ព្រះឦស្វរៈ​ដដែលហ្នឹង ពេលដែលទ្រង់សម្ដែងជាព្រះបង្កើតលោក ទ្រង់នឹងក្លាយជាព្រះព្រហ្ម ហើយមានឈ្មោះព្រះព្រហ្ម ។ នៅពេលដែលរក្សាលោក ព្រះឦស្វរៈ​ដដែល ព្រះជាម្ចាស់ដដែលហ្នឹង មានឈ្មោះថាព្រះវិស្ណុ ។ បន្ទាប់មក នៅពេលដែលទ្រង់សម្ដែងជាព្រះបំផ្លាញលោក ទ្រង់ក្លាយជាព្រះដែលគេហៅថា ព្រះមហិស្វរៈ» ។

ចំណុចសំខាន់មួយទៀតគឺត្រង់ប្រហែលនាទីទី២០នៃវីដេអូខាងលើ និយាយអំពីភាតរភាពជាសកល ។ ព្រះអង្គមានថេរដីកថា បើយើងប្រៀបធៀបរាងកាយរបស់មនុស្ស និងមិនឃើញមានភាពខុសគ្នាទេ ដែលខុសគ្នាគឺកម្រិតនៃការគិតរបស់មនុស្សម្នាក់ៗ ។ ព្រះអង្គមានថេរដីកាថា «យើងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រង់កម្រិតនៃការគិតប៉ុណ្ណោះ ។ អ្នកអាចគិតបានប្រសើរជាងខ្ញុំ ដែលជាភាពខុសគ្នារវាងកម្រិតនៃការគិត ។ តាមរាងកាយ វាមិនមានភាពខុសគ្នាទេ ។»

នៅត្រង់ចំណុចផ្សេងទៀត ព្រះអង្គបានលើកឡើងផងដែរថា នៅប្រទេសឥណ្ឌា គេតែងនិយាយអំពីភាតរភាព ប៉ុន្តែឲ្យមានភាតរភាពយ៉ាងម៉េចនឹងកើត បើប្រជាជនជឿលើប្រព័ន្ធបែងចែកវណ្ណៈក្នុងសង្គមអ៊ីចឹង ។ ការបែងចែកវណ្ណៈសង្គមនេះ ព្រះអង្គមានថេរដីកាថា បានធ្វើឲ្យមានការបែកបាក់សង្គមមួយ ដែលមិនអាចឯកភាពគ្នាបាន ។

ព្រះអង្គមានថេរដីកាថា «ពីព្រោះអ្នកបានដឹងយ៉ាងច្បាស់ហើយថា នៅប្រទេសឥណ្ឌា ប្រជាជនជឿលើប្រព័ន្ធវណ្ណៈសង្គម ហើយអ្នកបានដឹងហើយថា តើប្រព័ន្ធវណ្ណៈសង្គមបំបែកបំបាក់ប្រជាជនខ្លួនឯង ជាការខ័ណ្ឌចែកផ្សេងៗគ្នា ហើយអ្នកនាំគ្នានិយាយអំពីការឯកភាពគ្នា ។ តើវាអាចឯកភាពគ្នាយ៉ាងណាកើត បើអ្នកជាវណ្ណៈព្រាហ្មណ៍ ខ្ញុំជាវណ្ណៈក្សត្រីយ៍ មនុស្សម្នាក់ទៀតជាវណ្ណៈវ៉ៃស្យ ហើយបន្ទាប់មកទៀត អ្នកដទៃទៀតជាវណ្ណៈសូទ្រ ជាមនុស្សក្រៅវណ្ណៈ ហើយនេះហើយនោះ ។ អ្នកមិនអាចទេ!» ។

ត្រង់នេះព្រះអង្គចង់មានន័យថា គ្រាន់តែនិយាយថាឯកភាពគ្នាជាមនុស្សដូចគ្នា មិនគ្រប់គ្រាន់ទេ គឺត្រូវចេញពីចិត្ត ត្រូវប្តូរចិត្ត ប្តូរគំនិត និងឥរិយាបថ ចំពោះគ្នានឹងគ្នា ទើបអាចបង្កើតភារតភាពរវាងមនុស្សជាតិបាន ។

ចំណុចសំខាន់ចុងក្រោយ ព្រះអង្គសម្ដែងអំពីពីការចង់បានទៅជាការធ្វើឲ្យបាន (from want to work) ។ ព្រះអង្គមានថេរដីកាថា «ប្រសិនបើអ្នកចង់អ្វីមួយ អ្នកត្រូវតែធ្វើការដើម្បីបានវា អ្នកមិនអាចគ្រាន់តែអង្គុយហើយចង់បានទេ អ្នកត្រូវតែធ្វើការដើម្បីបានវា ។ ការធ្វើការនោះហើយគឺជាកម្មៈ ។»

ព្រះអង្គជាគ្រូវិបស្សនាពណ៌បៃតង និងការព្យាបាលបែបធម្មជាតិ និងជាព្រះសង្ឃជាទីគោរពសក្ការៈ របស់ពុទ្ធបរិស័ទគ្រប់និកាយពុទ្ធសាសនា ។ ដោយសារបានស្ដាប់ការប្រៀនរបស់ព្រះអង្គ មានសិស្សគណមួយចំនួនបានបង្កើតជាមជ្ឈមណ្ឌលវិបស្សនាបៃតង ជាច្រើនកន្លែងទៀតផង ជាពិសេសនៅសហរដ្ឋម៉េរិក ។

ព្រះអង្គបានទទួលអនិច្ចធម្ម នៅវត្តធម្មវរារាម ដែលព្រះអង្គបានកសាងដោយផ្ទាល់ នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២៦ មិថុនា ១៩៩៩ ក្នុងព្រះជន្ម ១១០ វស្សា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment