ព្រះសិរីសម្មតិវង្ស គង់ គូ ចាងហ្វាងសាលាបាលីជាន់ខ្ពស់, អតីតសមណនិស្សិតសាកលវិទ្យាល័យដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, December 16, 2020

ព្រះសិរីសម្មតិវង្ស គង់ គូ ចាងហ្វាងសាលាបាលីជាន់ខ្ពស់, អតីតសមណនិស្សិតសាកលវិទ្យាល័យដែល្លី

ព្រះតេជព្រះគុណ ព្រះសិរីសម្មតិវង្ស គង់ គូ (១៩២៨-១៩៧៥) ។ រូបភាព៖ សង្ឃកិច្ចាល័យ

លោកវិទូ | ថ្ងៃ ៤᧢២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៦ ធ្នូ ២០២០ 

ព្រះធម្មវិសុទ្ធិវង្ស គង់ គូ (បិយសីលោ) ជាបញ្ញវន្តសង្ឃមួយអង្គក្នុងព្រះពុទ្ធសាសនាខ្មែរ នៅក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ ។ ព្រះអង្គធ្លាប់បានសិក្សាវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីប ប្រទេសឥណ្ឌា និងក្រោយមកបានក្លាយជាមន្ត្រីសង្ឃជាន់ខ្ពស់ និងមានតួនាទីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនាខ្មែរ ។

ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចព្រះបិតាឯករាជ្យជាតិ សម្ដេចនរោត្តម សីហនុ និងសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ការសិក្សាអប់រំវិស័យពុទ្ធចក្រមានការរីកចម្រើនណាស់ ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងកល្យាណមិត្តរបស់ព្រះអង្គគឺ សម្ដេចព្រះពោធិវ័ង្ស ហួត តាត មានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ ចំពោះពុទ្ធិកសិក្សា ដោយបានរៀបចំបញ្ជូនសមណនិស្សិតខ្មែរជាច្រើនអង្គ ទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសកាន់ព្រះពុទ្ធសាសនានានា ដូជា ឥណ្ឌា ស្រីលង្កា និងភូមា ជាដើម ។

ដោយសារទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក៏ដូចជាមិត្តភាពដ៏ស្និទ្ធស្នាលរវាងសម្ដេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីទី១ឥណ្ឌា លោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ, ប្រទេសឥណ្ឌាបានក្លាយជាទិសដៅសិក្សាដ៏ខាន់របស់សមណនិស្សិតខ្មែរ ។ ចាប់ពីសម័យក្រោយឯករាជ្យ រហូតដល់សម័យសាធារណរដ្ឋខ្មែរ មានព្រះសង្ឃខ្មែរមិនតិចជាង ៣០ អង្គទេដែលបានបន្តសិក្សាមុខវិជ្ជាផ្សេងៗ នៅសាកលវិទ្យាល័យនានា នៅប្រទេសឥណ្ឌា ដែលជាទីពុទ្ធស្ថានផង ។

ក្នុងនោះក៏មាន ភិក្ខុ គង់ គូ មួយអង្គផងដែរ ។ ព្រះអង្គជាអតីតសមណនិស្សិតខ្មែរ នៅសាកលវិទ្យាល័យដែល្លី (DU) ដ៏ល្បីល្បាញមួយនៅទីក្រុងដែល្លី នាជម្ពូទ្វីប ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៦០ ក្រោមអាហារូបករណ៍មូលនិធិអាស៊ី (សហរដ្ឋអាម៉េរិក) និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រហែលជាមួយនឹងភិក្ខុ ប៉ែន សាអឿន ដែលក្រោយមកបានក្លាយសាស្ត្រាចារ្យបរិញ្ញាសង្គមវិទ្យាដ៏ចំណានមួយរូប ។ ក្នុងជំនាន់នោះដែរ មានព្រះតេជព្រះគុណ តោ អាន (អគ្គរតោ) បណ្ឌិតសំស្ក្រឹតដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រ (ពារាណសី) និង ភិក្ខុ ឆាយ ផន (ផលញ្ញាណោ) (ក្រុងបេង្គាល់) ជាដើម ។ សិស្សច្បងរបស់ភិក្ខុ គង់ គូ នៅសាកលវិទ្យាល័យដែល្លីគឺ ភិក្ខុ គួច គីឡេង ដែលក្រោយមកបានក្លាយជាបញ្ញវន្តសំខាន់មួយក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ។

ក្រោយបញ្ចប់ការសិក្សាចម្លងធម៌ជាន់ខ្ពស់ពីដែនជម្ពូទ្វីបហើយ ភិក្ខុ គង់ គូ បានទទួលតួនាទីច្រើនក្នុងព្រះពុទ្ធសាសនាខ្មែរ ។ ព្រះអង្គជាអតីតចាងហ្វាងពុទ្ធិកវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង និងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ជំទាន់ទី៥ (១៩៦៩~១៩៧៥) បន្ទាប់ពីសម្ដេចមហាសុមេធាធិបតី ហួត តាត (វជិរប្បញ្ញោ) (១៩៤៨~១៩៦៩) ។ ជាពិសេស ព្រះអង្គជាសមាជិកក្រុមជំនុំព្រះត្រៃបិដក នៃប្រទេសកម្ពុជា ដែលជាស្ថាប័នប្រជុំដោយបញ្ញវន្តសង្ឃនិងអាចារ្យកំពូលៗជាច្រើនរូប ។ ក្នុងឆ្នាំ ១៩៧១ ព្រះអង្គបានឡើងជាមន្ត្រីសង្ឃ (ព្រះរាជាគណៈ) ថ្នាក់ត្រី មានឋានន្តរស័ក្តិជា ព្រះសិរីសម្មតិវង្ស ។ 

ព្រះសិរីសម្មតិវង្ស គង់ គូ ធ្លាប់បានសរសេរអត្ថបទមួយចំនួន ចុះផ្សាយលើទស្សនាវដ្តីកម្ពុជសុរិយា ដូចជា «ស្ដេចអសោក និង ពុទ្ធសាសនា» (១៩៧២) និង «ពុទ្ធសាសនា» (១៩៧៤) ជាដើម ។ នៅក្នុងអត្ថបទទី១ ព្រះអង្គបានពិពណ៌នាអំពីព្រះបាទធម្មាសោក ដែលជាស្ដេចមាននាមល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកគ្រប់គ្រងដ៏ឆ្នើមកាន់ពុទ្ធសាសនា និង ជាអ្នកឧបត្ថម្ភក៍ពុទ្ធសាសនា ដែលអត្ថរសនិងធម្មរសយ៉ាងនេះថា៖

ព្រះបាទធម្មាសោកទ្រង់ឈ្វេងយល់ថា ពលរដ្ឋរបស់ព្រះអង្គមិនអាចមានសុភមង្គលពិតប្រាកដទេ លុះណាតែគេទាំងឡាយមានចរិយាប្រកបដោយសីលធម៌ដ៏ខ្ពស់ ។ សីលធម៌ជាបទដ្ឋាន ឬ ជាគ្រឹះសំខាន់នៃសុភមង្គល ពិតប្រាកដ ។ ធម្មៈរបស់ព្រះអង្គ ជាកាតព្វកិច្ចពឹងផ្អែកទៅលើសីលធម៌អនុវត្ត ។ វាជាច្បាប់ប្រសើរខាងសីលធម៌ដូចជា ទយា - ការអាណិតអាសូរ, ទាន - ការឲ្យទាន, សច្ច - ពាក្យពិត, សោចេយ្យ - ការស្អាតចិត្ត, មទ្ទវ - ការទន់ភ្លន់ ជាដើម ។

ព្រះអង្គប្រសូតនៅក្នុងឆ្នាំ ១៩២៨ និងអនិច្ចធម្មនៅក្នុងឆ្នាំ១៩៧៥ ។ កិត្តិនាមនិងប្រាជ្ញាស្មារតីរបស់ព្រះអង្គ ក្នុងការបម្រើជាតិសាសនា សមគួរដល់ការចង់ចាំ ការគោរពបូជា និងជាគំរូល្អ ដល់បច្ឆាសមណៈជំនាន់ក្រោយទាំងឡាយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment