ទីស្នាក់ការកណ្ដាលរបស់ក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) នៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៦᧷២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៣ មករា ២០២៣
នៅថ្ងៃនេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំរាជធានីភ្នំពេញ បានចុះផ្សាយពីការបង្កើនចំនួនអាហារូបករណ៍ ICCR របស់រដ្ឋាភិបាលឥណ្ឌា សម្រាប់និស្សិត-សមណនិស្សិតកម្ពុជា ទៅសិក្សាគ្រប់កម្រិតនៃមុខវិជ្ជាផ្សេងៗ នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។
ក្រៅពីលក្ខខណ្ឌនានាសម្រាប់ទទួលបានអាហារូបករណ៍នេះ ស្ថានទូតឥណ្ឌាបានបញ្ជាក់ផងដែរ អំពីការបង្កើនចំនួនអាហារូបករណ៍ សម្រាប់និស្សិត-សមណនិស្សិតកម្ពុជា ពី ៣០ ទៅ ៥០ នាក់ ចាប់ពីឆ្នាំនេះតទៅ ដែលជាសមិទ្ធផលមួយ ក្រោយទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធិបតីឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំកន្លង ដើម្បីពង្រឹងបន្ថែមនូវទំនាក់នងការទូតរវាងប្រទេសទាំងពីរ គម្រប់ឆ្នាំទី៧០ ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ស្ថានទូតឥណ្ឌាបានថ្លែងថា៖
សូមជម្រាបថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ នៅរាជធានីភ្នំពេញ, ក្រសួងកិច្ចការបរទេស រដ្ឋាភិបាលឥណ្ឌាបានប្រកាសបង្កើនអាហារូបករណ៍ពី៣០ដល់៥០នាក់ សម្រាប់និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ។
អាហារូបករណ៍ឥណ្ឌាសម្រាប់សមណនិស្សិត-និស្សិតកម្ពុជានេះ មានតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកម៉្លេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌និងការអប់រំរវាងប្រទេសទាំងពីរ ។ ទាំងព្រះសង្ឃ និងនិស្សិតទូទៅ អាចដាក់ពាក្យសុំអាហារូបករណ៍ ICCR បានដូចគ្នា និងមានអាទិភាពស្មើគ្នា មិនប្រកាន់ឡើយ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខខណ្ឌសមស្របតាមតម្រូវការអាហារូបករណ៍ សូមចូលទៅតាមរយៈវិបផតថល Admission to Alumni (A2A)៖ http://a2ascholarships.iccr.gov.in/ សម្រាប់ព័ត៌មានអំពីគម្រោងអាហារូបករណ៍ ការណែនាំ បញ្ជីសាកលវិទ្យាល័យ/វិទ្យាស្ថាន គោលការណ៍ណែនាំ ហិរញ្ញវត្ថុ និងលក្ខខណ្ឌផ្សេងៗ ជាដើម ៕
*សូមអធ្យាស្រ័យ នេះជាដំណឹងពីការប្រកាសជាផ្លូវការ នូវការបង្កើនចំនួនអារូបករណ៍ឥណ្ឌាសម្រាប់កម្ពុជា ពី ៣០ ទៅ ៥០ កន្លែង ហើយមិនមែនជាដំណឹងបើកទទួលពាក្យអាហារូបករណ៍ទេ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment