ព្រះសង្ឃខ្មែរនិងសកម្មភាពផ្សព្វផ្សាយព្រះពុទ្ធសាសនានៅឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, December 07, 2019

ព្រះសង្ឃខ្មែរនិងសកម្មភាពផ្សព្វផ្សាយព្រះពុទ្ធសាសនានៅឥណ្ឌា

ព្រះសមណរង្សី ទេព វុទ្ធី និងក្រុមប្រឹក្សាភិបាលសមាគមមហាពោធិឥណ្ឌា ក្នុងព្រះមហាពោធិវិហារ ពុទ្ធគយា រដ្ឋពិហារ, ០១ ធ្នូ ២០១៩ ។ រូបភាព៖ ទេព វុទ្ធី

លោកវិទូ | ថ្ងៃ ៧᧺១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៧ ធ្នូ ២០១៩

ពុទ្ធគយា៖ ព្រះសមណរង្សី ទេព វុទ្ធី នាយកប្រតិបត្តិសមាគមព្រះពុទ្ធសាសនាឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី និងជាព្រះគ្រូចៅអធិការវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី បានទទួលនិមន្តចូលរួម ក្នុងពិធីបើកកម្មវិធីបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិលើកទី១៥ នៅព្រះមហាពោធិវិហារ ពុទ្ធគយា រដ្ឋពិហារ ប្រទេសឥណ្ឌា នៅថ្ងៃទី ០១~០២ ធ្នូ ២០១៩ ។

នៅក្នុងឱកាសប្រកបដោយបុណ្យកុសលនោះ ព្រះតេជព្រះគុណ ទេព វុទ្ធី បានចូលរួមសកម្មភាពជាមួយ ព្រះតេជព្រះគុណ សិវលី ថេរោ (Ven. P Seewalee Thero) ព្រះអធិបតីនៃសមាគមមហាពោធិឥណ្ឌា ដ៏មានឥទ្ធិពលនៅក្នុងប្រទេសឥណ្ឌា រួមទាំងក្រុមប្រឹក្សាភិបាលសមាគមទាំងអស់ ។ ក្រុមសហធម្មចារី បានធ្វើកិរិយានមស្ការចំពោះព្រះមហាពោធិវិហារដ៏ពិសិដ្ឋ និងព្រះពុទ្ធបដិមាដ៏ស័ក្ដិសិទ្ធិ ដែលតម្កល់នៅក្នុងនោះផងដែរ ។

ពិធីបុណ្យសូធ្យព្រះត្រៃបិដក (ភាសាបាលី) ត្រូវបានប្រារព្ធធ្វើឡើងប្រចាំឆ្នាំ នៅព្រះមហាពោធិវិហារ ទៀបគល់ព្រះមហាពោធិព្រឹក្ស ជាផ្ចិតនៃផែនដី ជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីរំឭកឡើងវិញនូវសំឡេងព្រះសទ្ធម្ម នៅលើទឹកដីពុទ្ធភូមិ (ឥណ្ឌា) ដ៏ស័ក្ដិសិទ្ធិនេះ ពីថ្ងៃទី ២ ដល់ទី ១២ ធ្នូ ។ កម្មវិធីបុណ្យឆ្នាំនេះ ប្រទេសវៀតណាមជាអ្នករៀបចំធំ ដោយសហការជាមួយក្រុមប្រឹក្សាសូត្រព្រះត្រៃបិដកអន្តរជាតិ (ITCC) ឧបត្ថម្ភកម្មវិធីដោយអង្គការពន្លឺព្រះធម៌ពុទ្ធសាសនាអន្តរជាតិ (LBDFI) និងមិត្តធម៌គ្រប់ទិសទី ។
ព្រះសមណរង្សី ទេព វុទ្ធី និងព្រះភិក្ខុ ហ៊ុន ចាន់ដែន កំពុងប្រាស្រ័យទាក់ទងនឹងបរិស័ទអម្ពេឌករ, ប្រយាគរាជ (អឡាហាបាទ) រដ្ឋយូ.ពី., ០៧ ធ្នូ ២០១៩ ។ Photo Tep Vuthy

ប្រយាគរាជ (អឡាហាបាទ)៖ ភ្ជាប់ជាមួយព័ត៌មានខាងលើ ព្រះសមណរង្សី ទេព វុទ្ធី និងព្រះតេជព្រះគុណ ហ៊ុន ចាន់ដែន ព្រះគ្រូចៅអធិការវត្តកោសម្ពីខេមរារាម ទីក្រុងអឡាហាបាទ បានទទួលការនិមន្តពីស្នងការនៃនាយកដ្ឋានពន្ធលើប្រាក់ចំណូល នៃរដ្ឋឧត្តរប្បទេស (យូ.ពី.) ដើម្បីធ្វើជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យខួប ឬទិវាមហាបរិនិព្វាន លើកទី៦៤ របស់លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ នៅស្រុកប្រយាគរាជ ទីក្រុងអឡាហាបាទ រដ្ឋយូ.ពី. នៅរាត្រីថ្ងៃទី ៧ ធ្នូ ២០១៩ ។

ភ្ញៀវពិសេសសម្រាប់ឱកាសមហោឡារិកនោះគឺ លោកស្រីអភិបាលស្រុក និងភ្ញៀវកិត្តិយសជិតឆ្ងាយចំនួនប្រមាណ ៣០០០ នាក់ មានទាំងព្រះសង្ឃផង ដែលជាពុទ្ធបរិស័ទអ្នកជឿជាក់ក្នុងមាគ៌ាព្រះធម៌របស់លោកបណ្ឌិត ប៊ី.អ័រ. អម្ពេដករ ។

លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ ជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញឥណ្ឌា និងស្ថាបនិកស្ដារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា ។ គាត់បានប្រកាសចូលកាន់ព្រះពុទ្ធសាសនា រួមទាំងបរិស័ទប្រមាណ ៦០ ម៉ឺននាក់ (៦ ឡ័ខ) នៅទីក្សភូមិ នាគបុរ៍ រដ្ឋមហារាស្ត្រ នៅថ្ងៃទី ១៤ តុលា ១៩៥៦ ។ ចលនាអម្ពេឌករនេះ បង្កើតបានជាអត្តសញ្ញាណថ្មីមួយរបស់ព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិ ដែលគេឲ្យឈ្មោះថា «នវយាន» ដែលបកស្រាយទ្រឹស្តីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលបានជួយស្រោចស្រង់ ប្រជាជនវណ្ណៈទាប ដែលគេហៅថា ទលិត ឲ្យរួចផុតពីការជិះជាន់ប្រកាន់វណ្ណៈក្នុងនាមជាហិណ្ឌូ នៅក្នុងសង្គមឥណ្ឌា ។

ពាក្យប្ដេជ្ញារបស់លោកបណ្ឌិត អម្ពេឌករ ដែលល្បីល្បាញក្នុងចំណោមអ្នកនិយមទ្រឹស្តីរបស់គាត់គឺ «ថ្វីដ្បិតតែខ្ញុំបានកើតមកជាហិណ្ឌូ ខ្ញុំសូមអះអាងចំពោះលោកអ្នកជាឱឡារិកថា ខ្ញុំនឹងមិនស្លាប់ទៅវិញជាហិណ្ឌូទេ។» 

បរិស័ទអម្ពេឌករ តែងពោលនូវគំនាប់ថា «នមោ ពុទ្ធាយ» ឬ Namo Buddhaya ពេលដែលផ្ដើមសុន្ទរកថាអ្វីមួយ ឬក៏ពេលជួបគ្នា ក៏ពួកគេឧស្សាហ៍ប្រើឃ្លានេះដែរ ។ មួយទៀតពាក្យថា «ជ័យ ភិម» ឬ Jai Bhim ជាជ័យឃោសតំណាងឲ្យចលនាអម្ពេឌករ ។ «ភិម» ហ្នឹងជាឈ្មោះហៅខ្លីរបស់លោកបណ្ឌិត អម្ពេឌករ ។

ថ្ងៃគាត់ស្លាប់ បរិស័ទរបស់គាត់ដែលគោរពបូជាគាត់ ដូចជាព្រះពោធិសត្វហៅថា «ទិវាមហាបរិនិព្វាន» ។ ថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកជាទូទៅ នៅក្នុងប្រទេសឥណ្ឌាទេ ប៉ុន្ដែថ្ងៃដែលសំខាន់ដែលរដ្ឋាភិបាលឥណ្ឌា ទទួលស្គាល់ថាថ្ងៃបុណ្យជាតិទូទាំងប្រទេសឥណ្ឌា សម្រាប់ជាការដឹងគុណចំពោះលោកបណ្ឌិត អម្ពេឌករ គឺជាថ្ងៃកំណើតរបស់គាត់ ដែលហៅថា «អម្ពេឌករជយន្តិ» ។ គាត់វីរជនដ៏សំខាន់ម្នាក់ ក្នុងប្រវត្តិសាស្ត្រឥណ្ឌាសម័យទំនើប ក្រៅពីបិតាជាតិមហាត្មៈ គន្ធី និងនាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌា លោកបណ្ឌិត ចាវ៉ាឡាហាឡាល់ នេហ៍រូ ។
វេទិកាបុណ្យខួបលើកទី៦៤របស់បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ ។

នៅក្នុងឱកាសបុណ្យខួបនោះដែរ ព្រះសមណរង្សី ទេព វុទ្ធី បានប្រទានធម្មទេសនាខ្លី ដល់ពុទ្ធបរិស័ទនិងអ្នកចូលរួមទាំងឡាយ និងបានប្រាស្រ័យទំនាក់ទំនងនឹងបរិស័ទដែលបានចូលរួម យ៉ាងរុះរាយរាក់ទាក់ជាភាតរភាព ។ រីឯបរិស័ទវិញ បានសម្ដែងសិល្បៈវប្បធម៌ ចំរៀងធម៌ និងចំរៀងរំឭកដល់លោកបណ្ឌិតអម្ពេឌករជាដើម ។

ព្រះអង្គមានថេរដីកាក្នុងឱកាសនោះថា «កម្មវិធីនេះពិសេសណាស់ ព្រោះយើងកំពុងរំឭកដល់លោកបណ្ឌិត អេម្បេដការ យើងដឹងនូវគុណូប្បការរបស់គាត់ ក្នុងបេសកកម្មផ្សព្វផ្សាយពុទ្ធឱវាទ ។ យើងទាំងឡាយកំពុងជួបជុំគ្នានៅទីនេះ ដើម្បីចែករំលែកនូវអ្វីដែលយើងមាន ដើម្បីសន្តិភាពនិងសុភមង្គលសម្រាប់ជីវិតយើង ជាមួយនឹងក្រុមគ្រួសារឥណ្ឌាទាំងមូល ។ ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ មិនត្រឹមតែគោរពប្រតិបត្តិនៅក្នុងប្រទេសឥណ្ឌានេះទេ ប៉ុន្តែក៏នៅក្នុងប្រទេសកម្ពុជាយ៉ាងខ្ជាប់ខ្ជួនផងដែរ...ហើយយើងបានស្គាល់លោកបណ្ឌិត អម្ពេឌករ ស្គាល់គាត់យ៉ាងច្បាស់តាំងពីអាត្មានៅជាព្រះសង្ឃវ័យក្មេងម៉្លេះ [ព្រោះ] អាត្មាធ្លាប់បានសិក្សាអំពីគាត់ច្រើនដែរ ។»

សកម្មភាពខាងលើនេះជាការខិតខំបង្កើតចំណងមិត្តភាពជាអន្តរជាតិ របស់ព្រះតេជព្រះគុណ ទេព វុឌ្ឍី និងហសការី ព្រះភិក្ខុ ហ៊ុន ចាន់ដែន ក្នុងនាមព្រះអង្គជានាយកប្រតិបត្តិ និងសមាជិក សមាគមព្រះពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី ។ នេះក៏ជាផ្នែកមួយនៃសកម្មភាពធម្មទូតអន្តរជាតិ របស់ព្រះសង្ឃខ្មែរដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment