វីរុសកូរ៉ូណាបានចូលដល់សាកលវិទ្យាល័យ BHU ដែលនិស្សិតខ្មែរស្នាក់នៅ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, July 10, 2020

វីរុសកូរ៉ូណាបានចូលដល់សាកលវិទ្យាល័យ BHU ដែលនិស្សិតខ្មែរស្នាក់នៅ

រូបភាពឯកសារ៖ សមណនិស្សិត-និស្សិតខ្មែរចួបជុំគ្នាក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ទីក្រុងពារាណសី, ១៩ កញ្ញា ២០១៩ ។ រូបភាព៖ csavaranasi

លោកវិទូ | ថ្ងៃ ៦᧵៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ កក្កដា ២០២០

ពារាណសី៖ ការរាតត្បាតវីរុសកូរ៉ូណា (កូវីដ១៩) កាន់តែខ្លាំងឡើង ហើយពេលនេះវាបានរាលដាលចូលដល់សាកលវិទ្យាល័យមួយ ដែលមាននិស្សិតខ្មែរយើងស្នាក់នៅ នៅទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ។

យោងតាមព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៣៨ ករណីនៅទីក្រុងពារាណសី ដែលជាចំនួនឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ នៅក្នុងទីក្រុងបុរាណដែលមានមនុស្សច្រើនកកកុញរបស់ឥណ្ឌាមួយនេះ ។

នៅក្នុងនោះមាន ៥ ករណី ត្រូវបានរាយការណ៍នៅក្នុងសាកលវិទ្យាល័យហិណ្ឌូពារាណី (BHU) គឺ បុគ្គលិកប្រចាំការផ្នែកកូវីដ១៩ ១ បុគ្គលិកបម្រើការនៅមន្ទីរពេទ្យ BHU ១ និងបុគ្គលិកនៅឱសថស្ថានអម្រឹត ១ និង ២ ករណីទៀតគឺ និស្សិតបរទេសដែលស្នាក់នៅអន្តេវាសិកដ្ឋានអន្តរជាតិ ប្រុសម្នាក់ ស្រីម្នាក់ អាយុ ៣១ ឆ្នាំដូចគ្នា ។

និស្សិតខ្មែរលោក ជាវ វណ្ណៈ បានប្រាប់សារព័ត៌មានលោកវិទូថា នៅក្នុងអន្តេវាសិកដ្ឋានអន្តរជាតិ (IHC) មាននិស្សិតខ្មែរនៅសល់ ៥ អង្គ/នាក់ កំពុងស្នាក់នៅផងដែរ ក្រៅពីនេះ ៥ អង្គ/នាក់ទៀតបានចាកចេញទៅពុទ្ធគយា សាន៌ាថ និងទៅប្រទេសកម្ពុជាវិញ ។ តែសំណាងល្អ និស្សិតអន្តរជាតិពីរនាក់ដែលឆ្លងនោះប្រហែលស្នាក់នៅអន្តេវាសិកដ្ឋានសម្រាប់អ្នកមានគ្រួសារ មិននៅ IHC ជាមួយនិស្សិតខ្មែរ និងនិស្សិតអន្តរជាតិទូទៅទេ ។

យោងតាមអាជ្ញាធរស្រុកដែលរាយការណ៍ឲ្យព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មានសំណាកចំនួន ២៩៩ ត្រូវបានយកទៅធ្វើតេស្ត ហើយជាលទ្ធផល មាន ៣៨ ករណីវិជ្ជមាន ។ សរុបករណីកូវីដ១៩ទាំងអស់ នៅក្នុងទីក្រុងពារាណសីកើនឡើងដល់ ៧២៣ ។ ក្នុងនោះករណីស្លាប់មាន ២៥ នាក់ និងជាសះស្បើយពីជំងឺវិញចំនួន ២៥ នាក់ ។ តាមស្ថិតិឆ្នាំ២០១១ ទីក្រុងពារាណសី (ស្មើនឹងស្រុក) មានប្រជាជនសរុប ៣.៦៧៦.៨៤១ នាក់ ។
សាកលវិទ្យាល័យបុរាណអាយុជាងមួយសតវត្សរ៍នេះ មាននិស្សិតខ្មែរធ្លាប់បានមករៀនសូត្រតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ មានដូចជា លោកសាស្ត្រាចារ្យ មាស ចន បណ្ឌិត លី គីមឡុង ព្រះតេជព្រះគុណ បណ្ឌិត គង់ ឈាន ជាដើម ។ មកដល់សម័យថ្មីនេះ ប្រហែលចាប់ពីឆ្នាំ ២០០៥~០៦ មក មានសមណនិស្សិតខ្មែរនិមន្តមករៀននៅសាកលវិទ្យាល័យនេះជាប់មិនដាច់ ហើយជាសាកលវិទ្យាល័យមួយដែលមានសមណនិស្សិតខ្មែរច្រើនជាងគេ ដោយមានឆ្នាំសិក្សាខ្លះមានជិតដល់ ៤០ អង្គ/នាក់ ។

ការរីករាលដាលជំងឺកូវីដ១៩ដល់ចំណោមនិស្សិតបរទេសនេះ ពិតជាគួរឲ្យព្រួយបារម្ភដល់សុខសុវត្ថិភាពនិស្សិតខ្មែរយើងនៅទីនោះមែនទែន ។ រីឯនៅសាកលវិទ្យាល័យ ជេ.អិន.យូ. (JNU) ទីក្រុងញូវដែល្លី ក៏មាននិស្សិតឥណ្ឌាពីរនាក់ឆ្លងកូវីដ១៩ដែរថ្មីៗនេះ ដែលជាទីកន្លែងមាននិស្សិតខ្មែរម្នាក់ស្នាក់នៅផងដែរ ។ មានតែការសម្ងំនៅក្នុងបន្ទប់ ឬចៀសវាងការចួបមនុស្សប្លែក ឬមិត្តភ័ក្តិច្រើនគ្នាទេ ទើបអាចរក្សាសុវត្ថិភាពបានខ្ពស់ ខណៈមេរោគកំពុងរាតត្បាតពេញបន្ទុកនៅប្រទេសឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment