និស្សិតឥណ្ឌាពីរនាក់នៅសាកលវិទ្យាល័យមួយដែលនិស្សិតខ្មែរកំពុងស្នាក់នៅបានឆ្លងជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, July 08, 2020

និស្សិតឥណ្ឌាពីរនាក់នៅសាកលវិទ្យាល័យមួយដែលនិស្សិតខ្មែរកំពុងស្នាក់នៅបានឆ្លងជំងឺកូវីដ១៩

រូបភាពឯកសារ៖ ពីឆ្វេង ព្រះតេជព្រះគុណ បណ្ឌិត ច័ន្ទ ដារី, ព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម និងព្រះតេជព្រះគុណ សួន សុមុនី, នៅរូបសំណាកលោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ, សាកលវិទ្យាល័យចាវ៉ាហាឡាល់ នេហ៍រូ, ទីក្រុងញូវដែល្លី ១៤ តុលា ២០១៦ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៤᧳៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៨ កក្កដា ២០២០

យោងតាមកាសែតហិណ្ឌូស្ថានថែមស៍បានឲ្យដឹងថា បេរិយារដែលជាអន្តេវាសិកដ្ឋានសម្រាប់និស្សិត នៃសាកលវិទ្យាល័យចាវ៉ាហាឡាល់ នេហ៍រូ (ជវាហរលាល នេហ៍រូ) នៅទីក្រុងញូវដែល្លី ត្រូវបានបិទ កាលពីថ្ងៃអង្គារ (៧ កក្កដា) បន្ទាប់ពីមាននិស្សិតពីរនាក់បានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយទទួលបានលទ្ធផលវិជ្ជមាន ។ និស្សិតប្រមាណ ៥០ នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងអន្តេវាសិកដ្ឋានរយៈពេល ១៤ ។ នៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនេះ មាននិស្សិតខ្មែរម្នាក់កំពុងរៀនសូត្រផងដែរ ។

ប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋានបេរិយារ លោក ពុទ្ធ សិង្ហ បាននិយាយថា «និស្សិតពីរនាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរូសកូរ៉ូណា ហើយពួកគេត្រូវបានបញ្ជូនឲ្យទៅសម្រាក់ព្យាបាលនៅខាងក្រៅបរិវេណសាកលវិទ្យាល័យ ។ និស្សិតដទៃទៀតត្រូវបានសុំឲ្យស្ថិតនៅក្នុងបន្ទាប់ដែលបានកំណត់ឲ្យ ហើយបាយទឹកនឹងត្រូវផ្ដល់ជូនដល់ពួកគេ» ។

ដោយសារអន្ដេវាសិកដ្ឋានបេរិយារ មានកន្លែងហូបបាយ (ម៉េស) រួមជាមួយអន្តេវាសិកដ្ឋានពីរទៀតគឺគោទាវារី និងកាវេរី អន្ដេវាសិកដ្ឋានទាំងពីរត្រូវបានឲ្យនៅដោយឡែកចំនួន ៧ ថ្ងៃ ដែលជាវិធានការការពារទុកជាមុន ក្រែងលោមាននិស្សិតផ្សេងទៀតឆ្លង ។ អ្នកគ្រប់គ្រងអន្ដេវាសិកដ្ឋានបានប្រាប់ថា មាននិស្សិតប្រហែល ៦០ នាក់កំពុងស្នាក់នៅអន្ដេវាសិកដ្ឋានទាំងពីរនេះ ។

លោក វង្ក័ដ ចោពេ និស្សិតថ្នាក់បណ្ឌិតឆ្នាំទី៣ដែលស្នាក់នៅអន្ដេវាសិកដ្ឋាននោះបាននិយាយថា «និស្សិតនោះបានបញ្ជូនទៅមន្ទីរពេទ្យហើយ ។ ពួកយើងត្រូវបានសុំកុំឲ្យចេញទៅខាងក្រៅ និងឲ្យស្នាក់នៅតែក្នុងបន្ទាប់របស់យើងរៀងៗខ្លួន ។ និស្សិតទាំងឡាយកំពុងតែព្រួយបារម្ភខ្លាំងខ្លាចឆ្លងជំងឺនេះ ដោយសារវាបានកើតឡើងនៅចម្ងាយជិតបង្កើយ ។ អ្នកស្នាក់នៅអន្ដេវាសិកដ្ឋានកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងនឹងវិធានការនៃការរក្សាគម្លាតសង្គម ។ រដ្ឋបាលគ្រប់គ្រងសាកលវិទ្យាល័យបានសម្អាតបន្ទប់ទាំងឡាយណាដែលបានបើកទ្វាររួចរាល់ហើយ» ។
វីដេអូទិដ្ឋភាពខ្លះៗនៃវិថីក្នុងបរិវេណសាកលវិទ្យាល័យ ដែលថតដោយនិស្សិតខ្មែរយើងនៅទីនោះ ដែលអមដោយព័ត៌មានបច្ចុប្បន្នភាពមេរោគកូវីដ១៩នៅក្នុងសាកលវិទ្យាល័យ, ញូវដែល្លី, ២៦ មិថុនា ២០២០ ។

និស្សិតភាគច្រើនបានចេញទៅស្រុកកំណើតរបស់ខ្លួន តាំងពីដំណាក់កាលដំបូងនៃការបិទប្រទេសម្ល៉េះ នៅសល់ប្រហែល ៦០០ ទៅ ៧០០ នាក់ប៉ុណ្ណោះដែលបន្ដស្នាក់នៅក្នុងអន្ដេវាសិកដ្ឋានធំៗចំនួន២០ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ។

ដោយឡែកនៅចម្ងាយប្រមាណជា ២០០ ទៅ ៣០០ ម៉ែត្រ ពីអន្ដេវាសិកដ្ឋានកើតហេតុ មាននិស្សិតខ្មែរយើងម្នាក់កំពុងស្នាក់នៅអន្ដេវាសិកដ្ឋានមួយឈ្មោះ សាពរមតី អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ។ គាត់បានប្រាប់សារព័ត៌មានលោកវិទូថា គាត់មានអារម្មណ៍ផ្អើលជាខ្លាំងចំពោះដំណឹងនេះ តែហាក់ដូចមិនសូវភ័យប៉ុន្មានទេ ។

គាត់បាននិយាយ «កាលពីយប់មិញខ្ញុំបានបើកមើលបន្ទប់សារឆ្លងឆ្លើយក្នុងវាត់ស្អែប (Whatsapp) របស់ក្រុមនិស្សិតអន្តរជាតិនៃសាកលវិទ្យាល័យ ជេ.អិន.យូ. ក៏មានអារម្មណ៍ភ្នាក់ផ្អើលជាខ្លាំង ពេលបានឃើញព័ត៌មានថាមាននិស្សិតពីរនាក់នៅអន្ដេវាសិកដ្ឋានបេរិយារបានឆ្លងមេរោគកូវីដ១៩ តែខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមិនសូវភ័យខ្លាចប៉ុន្មានទេ មិនដូចករណីទី១កាលពីដើមខែមិថុនាទេ ដែលមានបុគ្គលិកនៃមណ្ឌលសុខភាពនៃសាកលវិទ្យាល័យបានឆ្លងជំងឺនេះ ។ កាលនោះភ័យបុកពោះមែនទែន តែឥឡូវនេះដូចធម្មតាទេ បើកុនខ្លាំងរត់ទៅនៅវត្តខ្មែរយើងនៅក្បែរនេះ» ។

និស្សិតចាស់វស្សានៅឥណ្ឌារូបនេះបានប្រាប់ទៀតថា «នៅអន្ដេវាសិកដ្ឋានខ្ញុំកំពុងស្នាក់នៅខាងប្រុសៗនេះ មាននិស្សិតបួនដប់នាក់ប៉ុណ្ណោះ (តាមធម្មតាជាង ៣០០ នាក់) ក្រៅពីហ្នឹងគេទៅផ្ទះអស់ហើយ ហើយនៅជាប់បន្ទប់គាត់មាននិស្សិតតែបួនប្រាំនាក់ទេ ដូច្នេះមានអារម្មណ៍សុវត្ថិភាពដែរ ប្រហែលមិនអីទេមើលទៅ យើងនៅតែក្នុងបន្ទប់ ហើយចេញក្រៅតែពេលទៅទិញគ្រឿងធ្វើម្ហូបប៉ុណ្ណោះ» ។

ដោយឡែកព្រះសង្ឃ សមណនិស្សិត និស្សិត និងប្រជាពលរដ្ឋខ្មែរជាច្រើនបានចាកចេញពីប្រទេសឥណ្ឌាអស់ពីរលើកហើយ គឺលើកទី១ចំនួន ៦០ រូប (១២ មិថុនា ២០២០) និងលើកទី២ចំនួន២៣ រូប (១៩ មិថុនា ២០២០) តាមជើងហោះហើរពិសេស អង្គរអ៊ែ និងអ៊ែឥណ្ឌា ។

ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាកើនឡើងឥតឈប់ឈរ ។ នៅមិនទាន់ដល់ដំណាក់កាលខ្ពស់បំផុតនៅឡើយផង គិតត្រឹមព្រឹកថ្ងៃនេះ ឥណ្ឌាមានអ្នកឆ្លងចំនួនជាង ៧៤ ម៉ឺននាក់ទៅហើយ ហើយកាលពីថ្ងៃអង្គារមានអ្នកឆ្លងដល់ទៅចំនួន ២២.២៥២ នាក់ និងស្លាប់ ៤៦៧ នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ប៉ុន្ដែចំនួនអ្នកស្លាប់នៅតិចដែរជាង ២ ម៉ឺននាក់ និងដំណឹងល្អគឺមានអ្នកជាសះស្បើយវិញចំនួនជាង ៤៥ ម៉ឺននាក់ មានអត្រាជាសះស្បើយស្មើនឹងជាង ៦០% ។ ឥណ្ឌាបានស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេលើពិភពលោក ដោយកើនចំនួនលើសប្រទេសរុស្ស៊ី និងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment