ហេតុផល ៥ យ៉ាងនេះដែលសមណនិស្សិតគួរប្រញាប់ដាក់ពាក្យអាហារូបករណ៍ឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, March 01, 2023

ហេតុផល ៥ យ៉ាងនេះដែលសមណនិស្សិតគួរប្រញាប់ដាក់ពាក្យអាហារូបករណ៍ឥណ្ឌា

សមណនិស្សិត-និស្សិតខ្មែរ ទៅនមស្ការថ្វាយបង្គំព្រះមហាពោធិចេតិយ នៅពុទ្ធគយា ទីព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង (២០២២) ។ រូបភាព៖ លោកវិទូ/ភិក្ខុ យេន សុខនេ

លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣

រដ្ឋាភិបាលឥណ្ឌាបានសម្រេច តំឡើងចំនួនអាហារូបករណ៍សម្រាប់សមណនិស្សិត-និស្សិតខ្មែរ ពី ៣០ ទៅ ៥០ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ តាមរយៈស្ថាប័នក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ ហៅកាត់ថា ICCR ។ ខណៈនេះការទទួលពាក្យអាហារូបករណ៍តាមប្រព័ន្ធអនឡាញចាប់បើកហើយ ។ សូមចូលមើលទៅនៅទីនេះ

ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំសមណនិស្សិត-និស្សិតខ្មែរពុំបានពេញចំនួនអាហារូបករណ៍ ដែលរដ្ឋាភិបាលឥណ្ឌាដែលផ្ដល់ឲ្យនិស្សិតខ្មែរ ដើម្បីបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីបប្រទេសឥណ្ឌា ដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការអភិវឌ្ឍធនធានព្រះសង្ឃបន្ថែមទៀត លោកវិទូសូមជម្រុញទឹកចិត្តសមណនិស្សិតគ្រប់អង្គជាពិសេស ដែលបានបញ្ចប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប/ថ្នាក់ទី១២) ហើយ ព្យាយាមដាក់ពាក្យយកអាហារូបករណ៍នេះឲ្យបានច្រើនអង្គ ។ អត្ថបទនេះដូចជាលម្អៀងទៅខាងព្រះសង្ឃ តែនិស្សិតទូទៅអាចឈ្វេងយល់បាន ។

តើហេតុផលអ្វីខ្លះ ដែលសមណនិស្សិតខ្មែរគួរព្យាយាមដាក់ពាក្យទៅបន្តការសិក្សានៅប្រទេសឥណ្ឌា? តើប្រទេសឥណ្ឌាមានអ្វីសំខាន់សម្រាប់សមណនិស្សិតខ្មែរ ជាងបណ្ដាប្រទេសនានា?

១. ការជ្រើសរើសមុខវិជ្ជាដោយសេរី៖ សមណនិស្សិតទៅរៀននៅប្រទេសដទៃ ដូចជាស្រីលង្កា ភូមា ថៃ សិង្ហបុរី តៃវ៉ាន់ជាដើម ភាគច្រើននិយមរៀនវិជ្ជាពុទ្ធសាសនា ។ តែនៅប្រទេសឥណ្ឌានេះវិញ មានមុខវិជ្ជាសព្វគ្រប់ និងគ្រប់កម្រិតសិក្សា ដែលសមណនិស្សិតយើងអាចជ្រើសរើសបានដោយសេរី ដូចជាច្បាប់ សង្គម សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ ។ល។ ក្រៅពីមុខវិជ្ជាបាលីសំស្ក្រឹតឬពុទ្ធសាសនា ទោះជាព្រះសង្ឃក៏រៀនបាន មិនខុសទាស់អ្វីពីសម្នាក់សាកលវិទ្យាល័យឡើយ ។

២. ការប្រកួតប្រជែងតិច៖ ព្រះសង្ឃសមណនិស្សិតមិនងាយនឹងប្រកួតប្រជែងយកអាហារូបករណ៍ ទៅសិក្សានៅប្រទេសដូចជាកូរ៉េចិនជប៉ុនបារាំងអូស្ត្រាលីសហរដ្ឋអាមេរិកបានទេ ព្រោះមានការប្រកួតប្រជែងតឹងតែងខ្លាំង ព្រោះមានបេក្ខជនក៏ច្រើន ហើយចំនួនអាហារូបរណ៍ក៏តិច ។ ដោយឡែក អាហារូបករណ៍ឥណ្ឌានៅពុំសូវតឹងតែងនៅឡើយ ដោយសារអ្នកដាក់ពាក្យជានិស្សិតធម្មតាមានចំនួនតិច ព្រោះពួកគេភាគច្រើនសុបិនទៅប្រទេសដែលរៀបរាប់ខាងដើមនោះ ។ អាហារូបករណ៍ឥណ្ឌាមានលក្ខណៈទូលំទូលាយជាង ជាពិសេសសម្រាប់សមណនិស្សិតនេះឯង ។ ដូច្នេះ នេះមិនមែនជាឱកាសមាសសម្រាប់សមណនិស្សិតទេឬ?

ម្យ៉ាងទៀត លក្ខខណ្ឌអាហារូបករណ៍មិនតម្រូវឲ្យមានសញ្ញាបត្របញ្ជាក់ពីកម្រិតជំនាញភាសាអង់គ្លេស (IELTS) ទេ មិនដូចជាអាហារូបករណ៍ទៅប្រទេសផ្សេងឡើយ ។ តែសមណនិស្សិតត្រូវចេះភាសាអង់គ្លេសអាចនិយាយស្ដាប់គ្នាបាន និងអាចរំពឹងថានឹងរៀនទាន់គេក្នុងថ្នាក់ ព្រោះភាសាអង់គ្លេសជាភាសាប្រើប្រាស់នៅក្នុងថ្នាក់រៀន តែសាកលវិទ្យាល័យខ្លះក៏លាយភាសាហិណ្ឌីខ្លះដែរ ។ សមណនិស្សិតត្រូវចេះជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវផងដែរ ។

៣. ទេសចរណ៍គ្រប់រដូវ៖ ឥណ្ឌាជាប្រទេសមានភាពចម្រុះ ទាំងពូជសាសន៍ សាសនា ភាសា វប្បធម៌ តំបន់ និងអាកាសធាតុ ដែលអំណោយផលដល់វិស័យទេសចរណ៍ ។ តំបន់ភ្នំ តំបន់មាត់សមុទ្រ តំបន់វាលខ្សាច់ តំបន់ធ្លាក់ព្រិល តំបន់ប្រវត្តិសាស្ត្រពុទ្ធសាសនាជាដើម មាននៅប្រទេសឥណ្ឌាទាំងអស់ ។

ICCR តែងរៀបចំដំណើរទេសចរណ៍ សម្រាប់និស្សិតអាហារូបករណ៍ ទៅកាន់ទីរមណីយដ្ឋានទាំងនោះ យ៉ាចហោចពីរដងក្នុងមួយឆ្នាំគឺ ទេសចរណ៍រដូវត្រជាក់ (Winter Camp) និងទេសចរណ៍រដូវក្ដៅ (Summer Camp) ។ ជាទូទៅ និស្សិតដែលបានទៅធ្វើដំណើរកម្សាន្តតាមរយៈកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ល្អគួរជាទីចងចាំជាក់ជាពុំខាន ។

៤. ដែនដីពុទ្ធភូមិ៖ ឥណ្ឌាជាជម្ពូទ្វីបជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធជាង២៦០០ឆ្នាំកន្លងទៅ ។ ព្រះបាទធម្មាសោកជារាជសាសនូបត្ថម្ភកដ៏មុះមុតបានកសាងសសរស្តម្ភ ទុកជាគ្រឿងសម្គាល់ពុទ្ធស្ថាននានា នៅរដ្ឋឧត្តរប្រទេស និងរដ្ឋពិហារ ប្រទេសឥណ្ឌា ដូចជាពុទ្ធគយាទីត្រាស់ដឹង សាន៌ាថ-ពារាណសីទីសម្ដែងធម្មចក្រ កុសិនារាទីចូលមហាបរិនិព្វាន រហូតដល់លុម្ពិនីទីប្រសូត (ប្រទេសនេប៉ាល់) ។ នេះមិនទាន់និយាយដល់ចំណងវប្បធម៌អារ្យធម៌ខ្មែរ-ឥណ្ឌា ដែលមានអាយុកាលរាប់សិបសតវត្សរ៍មកហើយនោះផង ។

ការធ្វើធម្មយាត្រា ឬកិរិយានមស្ការបូជាថ្វាយបង្គំ ចំពោះពុទ្ធបូជនីយដ្ឋានទាំងនោះឈ្មោះថា ជាមហាកុសលដ៏ធំធេងសម្រាប់ពុទ្ធបរិស័ទទូទាំងសកលលោក ។ ដូច្នេះ សមណនិស្សិតទាំងអស់ដែលសិក្សានៅប្រទេសឥណ្ឌាភាគច្រើននឹងទទួលបានឱកាសទៅនមស្ការនៅទីពុទ្ធស្ថានទាំងនោះដោយងាយ ដោយសេចក្តីជ្រះថ្លា មិនចំណាយប្រាក់ច្រើនឡើយ ។ ហ៊ានធានាថា សម្រាប់សមណនិស្សិតខ្មែរ គ្មានកន្លែងណាសប្បាយរៀនសូត្រជាងនៅប្រទេសឥណ្ឌាឡើយ ។

សំខាន់ផងដែរ សមណនិស្សិតនឹងទទួលបានបទពិសោធន៍ ក្នុងការរាប់អានជាមួយព្រះសង្ឃសមណនិស្សិតដូនជីអន្តរជាតិចម្រុះជាតិសាសន៍ ពីបណ្ដាប្រទេសកាន់ពុទ្ធសាសនាជាច្រើននៅទ្វីបអាស៊ី ដូចជា ថៃ ឡាវ ភូមា វៀតណាម ស្រីលង្កា នេប៉ាល់ ភូតាន ទីបេត៍ ។ល។ ព្រមទាំងស្គាល់ប្រពៃណីវប្បធម៌ពុទ្ធសាសនាអន្តរជាតិ បានសឹងគ្រប់ប្រទេស ដោយនៅត្រឹមតែប្រទេសឥណ្ឌានេះ ។ ជាឧទាហរណ៍ សំពត់ចីវរពណ៌ក្រហមឈាមជ្រូករបស់សង្ឃឡាម៉ាពីតំបន់ទីបេត៍ ជាសម្រស់ផ្នែកវប្បធម៌ពុទ្ធសាសនាមួយសម្រាប់ជម្ពូទ្វីបផងដែរ ។

៥. ឱកាសទៅកាន់ប្រទេសទី៣៖ ជាពិសេសជាងនេះទៅទៀត អតីតសមណនិស្សិតខ្មែរនៅឥណ្ឌាច្រើនអង្គណាស់ ដែលមានឱកាសបានទៅលេងឬទៅរស់នៅប្រទេសទី៣ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ជាដើម ។ ការសិក្សានៅកម្រិតសាកលវិទ្យាល័យនៅឥណ្ឌាជាទន់ដ៏សំខាន់ និងជាលក្ខខណ្ឌសន្សំពិន្ទុ សម្រាប់ទៅកាន់ប្រទេសទី៣ តាមសេចក្តីប្រាថ្នាដែលខ្លួនមាន ។ រយៈពេលដប់ឆ្នាំចុងក្រោយនេះ មានមិនតិចជាង ២០ ទៅ ៣០ អង្គទេ ដែលបានទៅកាន់ប្រទេសទី៣ ជាពិសេស សហរដ្ឋអាមេរិក នៅកំឡុងពេលកំពុងសិក្សានៅប្រទេសឥណ្ឌា ឬក្រោយបញ្ចប់ការសិក្សាពីទីនោះ ។

មានមូលហេតុមួយចំនួនដែលអំណោយផលល្អ៖ ទី១ រៀននៅឥណ្ឌាបង្ហាញពីកម្រិតសិក្សាខ្ពស់ ទទួលស្គាល់ជាអន្តរជាតិ (នៅអាមេរិក និងអូស្ត្រាលីជាដើម) ។ ទី២ អនុវត្តប្រើប្រាស់ភាសាអង់គ្លេសបានប្រសើរឡើង ។ ទី៣ ស្គាល់តាក់ទិកក្នុងការធ្វើដំណើរបរទេស ។ ទី៤ ឱកាសបានស្គាល់ញោមញាតិនៅប្រទេសជឿនលឿន ដោយសារពួកគាត់តែងអញ្ជើញទៅធ្វើធម្មយាត្រានៅប្រទេសឥណ្ឌា ជារៀងរាល់ឆ្នាំ ។ ពួកគាត់ទាំងនេះហើយជាអ្នកធានាព្រះសង្ឃ ទៅរស់នៅឬបម្រើការនៅវត្តអារាមខ្មែរនៅប្រទេសទី៣នោះ ។

ម្យ៉ាងទៀត ក្រៅពីប្រាក់អាហារូបរកណ៍ល្មមសមរម្យ សម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃ សមណនិស្សិតនឹងទទួលបានបច្ច័យបួនខ្លះៗទៀត ពីក្រុមធម្មយាត្រាខ្មែរឬបរទេសពីបណ្ដាប្រទេសកាន់ពុទ្ធសាសនានា នារដូវធម្មយាត្រា ក្នុងកំឡុងខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ តាមបទពិសោធន៍កន្លងមក សមណនិស្សិតអាហារូបករណ៍ពុំសូវជាមានបញ្ហារឿងបច្ច័យបួនច្រើនឡើយ ។ តែសមណនិស្សិតឯកជនមានការខ្វះខាតច្រើនដែរ ។ ទោះយ៉ាងណា វត្តអារាមខ្មែរយើងមានស្ទើរគ្រប់កន្លែងនៅប្រទេសឥណ្ឌា បើមានបញ្ហាអ្វី អាចរត់ទៅពឹងវត្តបាន ។

ជាចុងក្រោយ សូមលើកយកសក្ខីកម្មមួយមកបញ្ជាក់ អំពីកិត្តិស័ព្ទរបស់ជម្ពូទ្វីបដែលគេប្រសិទ្ធនាមថា «អតុល្យភារ័ត» ។ កាលពីឆ្នាំ២០០៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋឥណ្ឌា លោក រ៉ូបឺត ប្លែកវីល បានពោលថា៖

ឥណ្ឌាជាប្រទេសសង្គមពហុវប្បធម៌មួយ ដែលបង្កើតឡើងដោយមន្តអាគមប្រជាធិបតេយ្យ នីតិរដ្ឋ សេរីភាពបុគ្គល ទំនាក់ទំនងសហគមន៍ និងពហុជំនឿនៃសាសនាផ្សេងៗ ។ ដែនដីអីក៏សម្បូរប្រាជ្ញាម្ល៉េះទេ! ខ្ញុំមិនប្រកាន់ទេ បើខ្ញុំកើតបាន១០ជាតិទៀត ដើម្បីស្រាវជ្រាវនូវប្រាជ្ញារបស់ឥណ្ឌា ។

[ប្រែសម្រួលជាខេមរភាសាដោយព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម សមណនិស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យព្រះគោតមពុទ្ធ (GBU) ទីក្រុងណយអ៊ីដា រដ្ឋឧត្តរប្រទេស ។]

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment