ព្រះសុមេធវង្ស អ៊ុង មាន អតីតសមណនិស្សិតខ្មែរនៅសាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ (ឥណ្ឌា) - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, June 10, 2019

ព្រះសុមេធវង្ស អ៊ុង មាន អតីតសមណនិស្សិតខ្មែរនៅសាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ (ឥណ្ឌា)

ព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ (១៩២៧-១៩៩៣), រូបថតខាងឆ្វេងថតនៅវត្តពុទ្ធិការាម រដ្ឋមេរិឡិន សហរដ្ឋអាម៉េរិក ឆ្នាំ១៩៩២ ។

លោកវិទូ | ថ្ងៃ ២᧨៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១០ មិថុនា ២០១៩

ព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ ជាព្រះសង្ឃខ្មែរជាន់ខ្ពស់មួយអង្គ ដែលបាននិមន្តមកបន្តវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីបប្រទេសឥណ្ឌា ក្នុងសម័យសង្គមរាស្ត្រនិយម បាននិមន្តបន្តការថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ហើយបានទទួលការនិមន្តពីជនភៀសខ្លួនខ្មែរ ឲ្យទៅគង់នៅសហរដ្ឋអាម៉េរិក ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ជាទីដែលព្រះអង្គបានចំណាយពេលផ្សព្វផ្សាយព្រះពុទ្ធសាសនារហូតព្រះជន្មចុងក្រោយ ។ ព្រះអង្គជាបញ្ញវន្តសង្ឃមួយអង្គគួរជាទីគោរពសក្ការៈ ដែលបានសរសេរនិពន្ធអត្ថបទព្រះធម៌ និងសៀវភៅមួយចំនួនគួរឲ្យកត់សម្គាល់ផងដែរ ក្រៅពីការសម្ដែងព្រះធម៌ក្នុងឱកាសបុណ្យទានផ្សេងៗតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ។

ព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ ប្រសូតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩២៧ នៅទីក្រុងភ្នំពេញ ។ ព្រះអង្គបានបំពេញបព្វជ្ជាជាសាមណេរ នៅអាយុ ១៤ ឆ្នាំ លុះមានអាយុគ្រប់ ២០ ក៏បានឧបសម្ប័ទជាភិក្ខុ ។ ព្រះអង្គបានសិក្សាព្រះពុទ្ធសាសនា ភាសាបាលី និងសំស្ក្រឹត នៅប្រទេសកម្ពុជា ថៃ ភូមា ឥណ្ឌា និងអង់គ្លេស ។ ព្រះអង្គអាចនិយាយបានច្រើនភាសា មានភាសាខ្មែរ ហិណ្ឌី បារាំង អង់គ្លេស បាលី សំស្ក្រឹត ថៃ និងភូមា ។ ព្រះអង្គជាសាស្ត្រាចារ្យបរិញ្ញា ភ្នែកភាសាសំស្ក្រឹត នៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ។

ព្រះអង្គមានឋានៈជាព្រះរាជាគណ:ថ្នាក់ត្រី មានឋានន្តរស័ក្តិជា ព្រះសុមេធវង្ស និងជាអតីតក្រុមជំនុំព្រះត្រៃបិដកបាលី-ប្រែ អស់រយ:ពេល ៣៩ ឆ្នាំ ព្រមទាំងជាគណៈប្រតិភូ ឬជាធម្មទូត ទៅកាន់ប្រទេសក្រៅជាច្រើនប្រទេសទៀតផង ។ ជាតួយ៉ាង នៅក្នុងព.ស. ២៥១៣ គ.ស. ១៩៥៩ ព្រះអង្គបានអមព្រះរាជដំណើរសម្តេចព្រះសង្ឃរាជ ជួន ណាត និងគណៈប្រតិភូខ្មែរ ទៅកាន់ក្រុងជាកាត៌ា និងក្រុងស៊ីម៉ារ៉ាំង កោះជ្វា ប្រទេសឥណ្ឌូនេស៊ី ដើម្បីនិមន្តចូលរួមក្នុងពិធីបុណ្យពិសាខបូជា ព.ស. ២៥១៣ ពិធីបញ្ចុះខណ្ឌសីមា និងពិធីសម្មតរោងឧបោសថ (សម្តេចព្រះសង្ឃរាជ ជួន ណាត បានធ្វើជាឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង) ។

កាលពីដើម ភិក្ខុ អ៊ុង មាន គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ជាសិស្សរបស់ព្រះមុនីកោសល សូរ ហាយ អធិបតីរងក្រុមជំនុំព្រះត្រៃបិដក និងជាសិស្សរួមគ្រូជាមួយភិក្ខុ គួច គីឡេង ប្រហែលជាព្រះសង្ឃខ្មែរមុនគេបង្អស់ ដែលបាននិមន្តមកសិក្សានៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៤ ។

ក្រោយពីបញ្ចប់ពុទ្ធិកសិក្សាសាលបាលីជាន់ខ្ពស់នៅប្រទេសកម្ពុជា ព្រះអង្គបាននិមន្តបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៦០ ។ ព្រះអង្គបានសិក្សានៅសាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស (យូ.ពី.) ប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ជាសាកលវិទ្យាល័យឯកទេសភាសាសំស្ក្រឹត ដ៏ល្បីល្បាញមួយនៅទីក្រុងពារាណសី ។ ក្នុងជំនាន់នោះ មានសមណនិស្សិតខ្មែរជាច្រើនអង្គ បានសិក្សានៅសាកលវិទ្យាល័នោះជាមួយភិក្ខុ អ៊ុង មាន ដូចជា ភិក្ខុអគ្គរតោ តោ អាន ភិក្ខុ ប៉ោ វន់ ភិក្ខុ នន់ ណន ព្រះមហាឥសី ប្រសើដ្ឋ ឯកប្បញ្ញោ ព្រះមហា ម៉ុក សុផល និងព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ។ គួរឲ្យសោកស្ដាយ យើងពុំមានព័ត៌មានអំពីសកម្មភាពរបស់ព្រះអង្គ កាលនៅសិក្សានៅប្រទេសឥណ្ឌាបានច្រើនទេ ។

មុនពេលនិមន្តមកបន្តការសិក្សានៅប្រទេសឥណ្ឌា ភិក្ខុ អ៊ុង មាន ធ្លាប់បានសិក្សានៅប្រទេសភូមាដែរ ដែលធ្វើឲ្យព្រះអង្គចេះភាសាភូមាយ៉ាងច្បាស់លាស់ ហើយអាចបកប្រែកអត្ថបទកាសែតជាដើមបានទៀតផង ។ សេចក្តីនេះគឺយោងតាមជំពូកនៃសៀវភៅមួួយ ដែលបានលើកឡើងអំពីព្រះនាមរបស់ព្រះអង្គយ៉ាងនេះថា «ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះ ភិក្ខុ អ៊ុង មាន នៃប្រទេសកម្ពុជា ដែលបាននិមន្តទៅទីក្រុងពូណា (បច្ចុប្បន្ន ពូណេ, រដ្ឋមហារាស្ត្រ) ក្នុងឆ្នាំ១៩៦៨ ដើម្បីបកប្រែអត្ថបទក្នុងកាសែតភូមា» (Deshpande ១៩៨៤) ។

ក្នុងឆ្នាំ១៩៧៤ ព្រះអង្គបានបន្តការសិក្សាវិជ្ជជាន់ខ្ពស់ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យមែនឆែស្ទើ ប្រទេសអង់គ្លេស ។ តែការសិក្សារបស់ព្រះអង្គមិនបានចប់ដោយបរិបូរណ៍ទេ ដោយសារព្រឹត្តិការណ៍នយោបាយជាតិមានការប្រែប្រួល ក្នុងឆ្នាំ១៩៧៥ ពេលរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ត្រូវបានផ្ដួលរំលំដោយពួកខ្មែរក្រហម ហើយព្រះអង្គត្រូវជាប់គាំងនៅប្រទេសអង់គ្លេស ដោយមិនអាចត្រលប់មកស្រុកវិញបាន ។

ដោយសារជនភៀសខ្លួនខ្មែរនៅសហរដ្ឋអាម៉េរិកកាន់តែច្រើនឡើង ពុទ្ធបរិស័ទខ្មែរត្រូវការព្រះសង្ឃខ្មែរដើម្បីធ្វើបុណ្យទានតាមប្រពៃណីពុទ្ធសាសនាខ្មែរ ។ កាលនោះព្រះធម្មវរៈ មហាថេរ (បែល ឡុង) ដែលទើបនិមន្តពីប្រទេសឥណ្ឌា មានព្រះជន្មចាស់ជរាណាស់ទៅហើយ (៨០ វស្សា) ព្រះអង្គក៏ណែនាំឲ្យពុទ្ធបរិស័ទនិមន្តភិក្ខុ អ៊ុង មាន ដែលជាប់គាំងនៅប្រទេសអង់គ្លេស ដើម្បីមកគង់នៅសហរដ្ឋអាម៉េរិក និងកសាងវត្តខ្មែរនៅទីនោះ ។
រូបសំណាកពណ៌មាសរបស់ព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ នៅវត្តពុទ្ធិការាម ទីក្រុងស៊ីល្វើស្ព្រីង រដ្ឋមេរិឡិន សហរដ្ឋអាម៉េរិក ។

ដូច្នេះហើយនៅខែមករា ឆ្នាំ១៩៧៨ ព្រះអង្គក៏និមន្តទៅគង់នៅសហរដ្ឋអាម៉េរិក ។ ព្រះអង្គបានដឹកនាំកសាងវត្តខ្មែរមួយឈ្មោះ វត្តពុទ្ធិការាម និងពុទ្ធិកសមាគមខ្មែរ នៅថ្ងៃទី២០ កក្កដា ១៩៧៨ នៅទីក្រុងស៊ីល្វើស្ព្រីង រដ្ឋមេរិឡិន ។ ព្រះអង្គជាព្រះប្រធាននៃពុទ្ធិកសមាគមខ្មែរនេះ និងលោក ជួន បូណារ៉ា ហេង ជាអនុប្រធានទី១ លោក មាស ចន ជាអនុប្រធានទី២ លោក កែន ក្រុច ជាទីប្រឹក្សា លោក ឈឹម ផន ជាហេរញ្ញិក និងលោក ជួន វោហា ហេង ជាលេខាធិការ ។ ព្រះអង្គបានពង្រីកសកម្មភាពនៃពុទ្ធិកសមាគមខ្មែរនេះយ៉ាងឆាប់រហ័ស ។ ព្រះអង្គមានភាពល្បីល្បាញថាបានប្រមូលបច្ច័យកសាងបានជាង ១ លានដុល្លារ ក្នុងរយៈពេលតែមួយឆ្នាំសោះ ដើម្បីកសាងព្រះវិហារ ដែលបង្ហាញពីលក្ខណៈវប្បធម៌ខ្មែរយ៉ាងវិចិត្រ ។

ក្រៅពីការបង្រៀនព្រះធម៌ ព្រះអង្គបានបើកបង្រៀនភាសាខ្មែរ ជាទៀងទាត់ជារៀងរាល់ថ្ងៃសៅរ៍ ដល់ក្មេងៗនិងយុវជនខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីអភិរក្សអក្សរនិងភាសាខ្មែរ ។ វត្តពុទ្ធិការាមនេះក៏ជាមជ្ឈមណ្ឌលវិបស្សនាផងដែរ ព្រោះព្រះសុមេធវង្ស អ៊ុង មាន តែងចម្រើនវិបស្សនាជាប្រក្រតី ។ វត្តនេះត្រូវបានគេចាត់ទុកជាវត្តខ្មែរដ៏សំខាន់ទីមួយ នៅក្រៅប្រទេសកម្ពុជា នៅសម័យក្រោយរបបខ្មែរក្រហម ។

ក្រៅពីការទេសនាដល់ពុទ្ធបរិស័ទ និងនិមន្តបកស្រាយព្រះធម៌ នៅវិទ្យុសម្លេងខ្មែរសហរដ្ឋអាមេរិក ព្រះសុមេធវង្ស អ៊ុង មាន បាននិពន្ធជាសៀវភៅជាច្រើនក្បាល (ជាង ១០ ក្បាល) ទាក់ទងនឹងទ្រឹស្តីពុទ្ធសាសនានិងសង្គម ដែលត្រូវបានបកប្រែជាច្រើនភាសា ។ នៅក្នុងសៀវភៅមួយរបស់ព្រះអង្គមានចំណងជើងថា «ពុទ្ធសាសនាក្នុងសង្គមប្រជាធិបតេយ្យ និង ឧបាយផ្ចាញ់សត្រូវតាមពុទ្ធសាសនា» (១៩៧១) ព្រះអង្គបានសរសេរទាក់ទងនឹងសិទ្ធិបញ្ចេញមតិ ក្នុងប្រទេសប្រជាធិបតេយ្យពិតយ៉ាងដូច្នេះថា៖

ក្នុងប្រទេសប្រជាធិបតេយ្យទូទៅ សិទ្ធិនៃការបញ្ចេញយោបល់ជំទាស់នេះ ជាសិទ្ធិដែលត្រូវរក្សាទុក ដោយប្រុងប្រយ័ត្នជាទីបំផុត ព្រោះក្នុងចំណោមមនុស្សយើងគ្រប់រូប គ្មាននរណាម្នាក់ដែលសុទ្ធតែគិតត្រូវគ្រប់យ៉ាង គ្រប់ពេលវេលានោះទេ ។ យើងជួនកាលគិតស្មានដៅយកខ្លះ ប្រតិស្ឋឡើងខ្លះ ។ ទ្រឹស្តីរបស់យើងម្នាក់ ៗ ទោះបីមានហេតុផលល្អត្រឹមត្រូវក្នុងពេលខ្លះក៏ដោយ យើងគប្បីចាំថា ទ្រឹស្តីនោះស្ថិតនៅក្នុងក្របខណ្ឌចំកាត់ ។ ព្រោះថាមនុស្សម្នាក់ ៗ មានការចេះដឹងនិងសមត្ថភាពផ្សេង ៗ គ្នា ទៅតាមវិស័យរង្វង់ក្របខណ្ឌរបស់ខ្លួនប៉ុណ្ណោះ មិនមានមនុស្សណាដែលចេះពូកែក្នុងរឿងគ្រប់យ៉ាងបានឡើយ ។

ព្រះអង្គបានយល់ដឹងច្បាស់លាស់អំពីគុណតម្លៃព្រះពុទ្ធសាសនា និងសង្គម ។ នៅក្នុងអត្ថបទមួយរបស់ព្រះអង្គដែលចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា (១៩៧៤) ព្រះអង្គមានទស្សនៈថា «ពុទ្ធសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងសង្គម ព្រមទាំងជួយរៀបចំសង្គម ឲ្យមានដំណើរឆ្ពោះទៅកាន់វឌ្ឍនភាព និង សុភមង្គលដោយពិត» ។

ព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ បានសុគតនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ១៩៩៣ ក្នុងព្រះជន្មាយុ ៦៦ ព្រះវស្សា នៅមន្ទីរពេទ្យមួយនៃរដ្ឋមេរិឡិន សហរដ្ឋអាមេរិក ដោយជំងឺគាំងបេះដូង ។ រូបសំណាករបស់ព្រះអង្គត្រូវបានគេធ្វើនិងតម្កល់នៅក្នុងវត្តពុទ្ធិការាម ទុកជាទីរឭកនិងធ្វើសក្ការបូជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់ព្រះអង្គ ក្នុងការបម្រើជាតិសាសនានិងប្រជាជនកម្ពុជា នៅលើទឹកដីនៃសហរដ្ឋអាមេរិក ។ ព្រះអង្គត្រូវបានពុទ្ធបរិស័ទនៅសហរដ្ឋអាម៉េរិកប្រសិទ្ធនាមថាជា «វីរសង្ឃខ្មែរ» ដែលមានចំណោះដឹងជ្រៅជ្រះ និងគុណសម្បត្តិឧត្តមប្រសើរ ។ ដូចបានរាបរាប់រៀបខាងលើស្រាប់ ព្រះសុមេធវង្ស អ៊ុង មាន ជាព្រះសង្ឃជាន់ខ្ពស់មួយអង្គនៃគណៈសង្ឃកម្ពុជា ដែលនៅមានព្រះជន្មក្រោយរបបខ្មែរក្រហម ដោយសារតែបានចេញទៅបន្តការសិក្សានៅបរទេស ៕

ស្នាដៃខ្លះៗរបស់ព្រះសុមេធវង្ស អ៊ុង មាន

1- ព្រះមហា អ៊ុង-មាន, "អត្តកាមកថា," ទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំទី ៤២ ខែសីហា ព.ស. ២៥១៤ គ.ស. ១៩៧០, ទំព័រ ៨៣៣-៨៤៤ ។
2- អ៊ុង មាន, ពុទ្ធសាសនាក្នុងសង្គមប្រជាធិបតេយ្យ និង ឧបាយផ្ទាញ់សត្រូវតាមពុទ្ធសាសនា, ភ្នំពេញ: ពុម្ពវិចិត្រ, ១៩៧១ ។
3- ព្រះឧត្តមមុនី អ៊ុង-មាន ចន្ទវណ្ណោ, "ព្រះពុទ្ធសាសនា និង សង្គម," ទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំទី ៤៦ ខែកក្កដា ព.ស. ២៥១៨ គ.ស. ១៩៧៤, ទំព័រ ៣០៣-៣០៩ ។
4- Ven. Preah Sumedhavong Oung, Mean Chandavanno, "Buddhism in Few Words," Silver Spring, MD: The Cambodian Buddhist Temple, 1990.
5- Ven. Preah Sumedhavong Oung, Mean Chandavanno, "Buddhism and Human Society," Silver Spring, MD: The Cambodian Buddhist Temple, 1990.
6- Ven. O.M. Candavanna, "KNOWLEDGE NECESSARY FOR HAPPINESS IN LIFE," Samatha, 2019, pp. 17-22. (This talk was given at the London Buddhist Vihara, England, in 1975.)

ឯកសារយោង៖
1- កិច្ចសន្ទនារបស់លោកវិទូ ជាមួយព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា នៅថ្ងៃទី ២១ មីនា ២០១៩ ។
2-"លក្ខន្តិកៈនៃពុទ្ធិកសមាគមខ្មែរ" រដ្ឋមេរិឡិន ១៩៧៨ ។
3- មហា គួច គីឡេង និងមហា អ៊ុង មាន "ជីវប្រវត្តិនៃព្រះមុនីកោសល សូរ ហាយ," ទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំ ១៩៦៧, ទំព័រ ៨៦៤-៨៧៦ ។
4- Deshpande, M.M., "INTRODUCING THE MILINDAPANHA-ATTHAKATHA OF THATON MINGUN ZETAWUN SAYADAW," in S.D. Joshi, (eds.) Amṛtadhārā Professor R.N. Dandekar felicitation volume, Delhi: Ajanta Publications, 1984, pp. 95-103.
5- "Monk Building a Spiritual Refuge for Cambodians," The New York Times, March 20, 1988.
6- "Oung Mean, 66, Dies; High Cambodia Monk," The New York Times, March 24, 1993.
7- Goodstein, Laurie, "CAMBODIANS GRIEVE FOR 'FATHER' IN NEW LAND," The Washington Post, March 26, 1993.
8- Nimmagadda, J. and Bromley, M.A. "Building Bridges through Indigenization," REFLECTIQNS, Summer 2006.
9- Shaw, C. "A FRIEND INDEED," Samatha, 2019.

© រក្សាសិទ្ធិដោយលោកវិទូ